
ភ្នំពេញ ៖ ក្មេងទំនើងមួយក្រុម រហ័សនាម PT ឫស្សីតាន់ ប្រដាប់ដោយកាំបិតប៉័ងតោរ បានធ្វើសកម្មភាពកាប់ទៅលើយុវជនប្រុសស្រីមួយក្រុមទៀត ដែរកំពុងធ្វើខួបកំណើតនៅហាងលក់ស្រាក្រឡុកមួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្តរាគម៍ឃាត់ខ្លួនបានភ្លាមៗ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១៖៣០ នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចហាងលក់ស្រាក្រឡុកមួយកន្លែង ក្បែររង្វង់មូលនាងមច្ចា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភំ្នពេញ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ មានយុវជនប្រុសស្រីប្រហែលជាង១០នាក់ បានមកធ្វើពិធីខួបកំណើតនៅកន្លែងលក់ស្រាក្រឡុក កំពុងជួបជុំគ្នាផឹកស៊ីសប្បាយ ស្រាប់តែមានក្មេងទំនើងប្រុសស្រីមួយក្រុមទៀត ជិះម៉ូតូ៣ គ្រឿងម៉ាកហុងដាឌ្រីមសង់ ប្រដាប់ដោយកាំបិតប៉័ងតោ ចុះពីលើម៉ូតូ ហើយរត់ចូលទៅធ្វើកាប់យកតែម្ដង បណ្តាលឲ្យភាគីរងគ្រោះភ័យស្លន់ស្លោររត់ចែកជើងគ្នា និងបណ្ដាលអោយយុវជន២នាក់ រងរបួសបែកក្បាល។
ក្រោយធ្វើសកម្មភាពរួចក្រុមជនបង្កបាននាំគ្នាជិះម៉ូតូរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌជ្រោយចង្វារសហការជាមួយកម្លាំងកងអន្តរាគម៍ បានធ្វើការជិះម៉ូតូប្រដេញតាមឃាត់បានមនុស្សប្រុសស្រី៨នាក់ និងម៉ូតូចំនួន៣គ្រឿង ។
ក្រុមក្មេងទំនើងប្រុសស្រីទាំង ៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅអធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕