
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនស្រាប់តែរេចង្កូតទៅបុករបងថ្មបាក់អស់មួួយធ្លុង បណ្តាលឲ្យរថយន្ដខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង ៨ៈ៣០នាទីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ១៨០០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2D-0006 បើកបរតាមបណ្តោយផ្លូវ១៨០០ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រងកន្លែងកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅខាងស្តាំដៃ ទៅបុកទម្លុះចូលរបងថ្មរបស់ដីឡូត៍មួយកន្លែង បណ្តាលឲ្យបាក់ចំនួនមួយធ្លុង រីឯរថយន្តវិញខ្ទេចមួយកំណាត់មុខ ក្រោយកើតហេតុភ្លាមនោះម្ចាស់រថយន្ដឃើញស្ថានភាពមិនស្រួលក៏រត់គេចបាត់ស្រមោល។
បន្ទាប់មកប្រជាពលរដ្ឋដែលនៅក្បែនោះបានរាយការទៅកានសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យ រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញយចុះមកវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំឲ្យដោះស្រាយនៅពេលក្រោយ៕