
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗក្រោយជិះម៉ូតូយ៉ាងលឿនហើយជ្រុលទៅបុកពីក្រោយរថយន្តដែលកំពុងចតស្ងៀមមួយគ្រឿង បណ្ដាលឲ្យបោកក្បាលខ្ទប់និងថ្នលពេញទំហឹង។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៦A ចំណុចស្ពានលេខ៣ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើមានឈ្មោះ ទោម ខែ ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកធ្វើវាំងនន បច្ចុប្បន្នស្នាក់នៅផ្លូវជាតិលេខ6A ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ប្រភពព័ត៌មានបានឲ្យដឹងថា គេបានឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ផ្លាកលេខ តាកែវ 1R-1157 ជិះពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រងចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកពីក្រោយរថយន្តមួយគ្រឿងដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវទាំងដែលគ្មានដាក់ស្លាកសញ្ញាសំគាល់ ទំហឹងបណ្តាលឲ្យដួលបោកក្បាលផ្ទប់និងថ្នល់ស្លាប់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ចំណែកម្ចាស់រថយន្តឃើញហេតុមិនស្រួលបានឡើងទៅបើករថយន្តបើករត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់កន្លែងកើតហេតុ រួចទាក់ទងទៅផ្នែកជំនាញ ឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វារ។ ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តាមប្រពៃណី ។រីឯរថយន្ដសមត្ថកិច្ចនិងបន្តស្រាវជាវជ្រាវជាបន្តទៀត។