បន្ទាយមានជ័យៈ យុវសិស្ស ២ នាក់ ម្នាក់បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសាររថយន្ត បុកម៉ូតូ យ៉ាងពេញទំហឹង នៅពេលយុវសិស្ស ទាំងពីរ ចេញពីរៀនគួរ ពេលយប់ ត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នាពេល ដ៏ខ្លីខាងមុខនេះ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៧និង១៥ នាទី យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខផ្សារ អូរអំបិល ហៅ ផ្សារដើមគរ ស្ថិតនៅភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាៈ សិស្សរងគ្រោះ ឈ្មោះ អោម ឆៃលីន ភេទស្រី អាយុ ១៨ ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1M-0566 បន្ទាយមានជ័យ ស្លាប់ នៅពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ និងអ្នករួមដំណើរ ឈ្មោះ ឡាម ឡាំផៃ ភេទស្រី អាយុ១៨ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ព ២ ខេត្តបាត់ដំបង។ ជនរងគ្រោះ ទាំង ២ នាក់ រស់នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយ មានជ័យ ហើយបាន មកស្នាក់នៅ រៀនគួរ ថ្នាក់ទី១២ នៅក្រុងសិរីសោភ័ណ ។
លោកបានបន្តថាៈ មុនពេលកើតហេតុ យុវសិស្សទាំង ២ នាក់ បានជិះម៉ូតូ មកពីរៀនគួរ ដើម្បីត្រៀមប្រឡងថ្នាក់ទី១២ ខាងមុខ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ឆ្លងផ្លូវជាតិ ស្របពេលនោះ មានរថយន្ត ១គ្រឿង ម៉ាកលុចស៊ីស 330 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ.2AP-5305 បើកបរក្នុងទិសដៅពីខាងកើត ទៅខាងលិច ក្នុងល្បឿនលឿន ដល់កន្លែងកើតហេតុ បានបុកប៉ះម៉ូតូរបស់យុវសិស្ស កំពុងជិះឌុបគ្នា បណ្តាលឲ្យអ្នក បើកម៉ូតូ ស្លាប់ និងអ្នករួមដំណើរ រងរបួសធ្ងន់។
អ្នកបើករថយន្តបង្កគ្រោះថ្នាក់នោះ បានបើករត់គេចខ្លួនបាត់ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ក្តាប់ភិនភាគ និងលេខឡានបាន កម្លាំងនគរបាលជំនាញ កំពុងស្រាវជ្រាវ ដើម្បីចាប់អ្នកបើកបរ កសាងសំណុំរឿង តាមនីតិវិធី។