បាត់ដំបង៖ កម្លាំងអាវុធហត្ថ បានចុះបង្ក្រាបឃាត់ខ្លួនមនុស្ស ចំនួន ៨ នាក់ ដែលជាមុខសញ្ញាល្មើសទន្ទ្រាន និងឈូសឆាយព្រៃលិចទឹក តំបន់ ៣ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានឲ្យដឹងថា៖ អនុវត្តតាមអនុសាសន៍ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រោមការណែនាំរបស់ ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ កម្លាំងជំនាញ បានបើកការបង្ក្រាប ទប់ស្កាត់បទល្មើស ជាក់ស្តែង មួយករណី ក្នុងនោះឃាត់ខ្លួនបាន ជនសង្ស័យចំនួន ៨ នាក់មកកាន់ទី បញ្ជាការដ្ឋាន ដើម្បីសាកសួរបន្ថែម។
លោកអនុសេនីយ៍ឯក ឡាវ វ៉ាន់ នាយការិយាល័យព្រហ្មទណ្ឌ បានបញ្ជាក់ថា៖ ការស្រាវជ្រាវបង្ក្រាបករណី កាប់ឆ្ការគាស់រាន ឈូសឆាយដីព្រៃលិចទឹកនេះ ធ្វើនៅវេលាម៉ោង ១:២៥ នាទី ថ្ងៃទី ២៩ ខែវិច្ឆកា ឆ្នាំ ២០២១ ចំណុចអូរកំបុត ស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ប្រតិបត្តិការ ខាងលើ កន្លងមក ជំនាញឃាត់ខ្លួនជនសង្ស័យ បានចំនួន ៨នាក់ ក្មេងម្នាក់ ដែលភាគច្រើន ជាអ្នករស់នៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ និងម្នាក់ទៀតមានស្រុក កំណើត នៅខេត្តតាកែវ មកស្នាក់នៅក្នុងស្រុកឯកភ្នំ ដូចគ្នា មុខសញ្ញានេះ បានធ្វើ សកម្មភាព ល្មើសរាន និងឈូសឆាយដី តំបន់ព្រៃលិចទឹក ជាកម្មសិទ្ធិលើផ្ទៃដីទំហំ ៥០ ហិកតា។
វត្ថុតាងដែលកងកម្លាំងសហការ ដកហូតបាន រួមមាន: ត្រាត់ទ័រ ១ គ្រឿង, គោយន្ត ១ គ្រឿង, កាណូតស្មាច់ចំនួន ២ គ្រឿង និងម៉ាស៊ីនកាណូត ១ គ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដើម្បីកសាង សំណុំរឿង តាមនីតិវិធី។