
កំពង់ចាម ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង ៧:១៥នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចស្ពានកំពុងតែជួសជុល ស្ថិតនៅក្នុងភូមិព្រែកតានង់ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង ៧:១៥នាទីយប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ គេឃើញមានរថយន្តតូរីស មួយគ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2A-0819 បើកបរដោយបុរសម្នាក់និងព្រូរថយន្តម្នាក់ ក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់កន្លែងកើតហេតុត្រង់ចំណុចស្ពានកំពុងតែជួសជុល និងមានចំណោទខ្លាំងហើយឡើងទួលមិនរួច ក៏បានរអិលថយក្រោយក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹក ស្រាប់តែក្អួតចេញមកវិញសុទ្ធតែឈើប្រណិតអណ្ដែតពេញទឹក ចំណែកឯតៃកុងរថយន្តនិងព្រូក៏បានរត់គេចខ្លួនបាត់ស្រមោល ក៏បានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានក៏បានចុះមកពិនិត្យ ។
បើតាមការបង្ហើបឲ្យដឹងពីរអ្នកដែលឃើញហេតុការណ៍បានប្រាប់មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំថា ឈើដែលក្អួតចេញពីក្នុងរថយន្តដែលក្រឡាប់នោះគឺជាឈើខុសច្បាប់ បើកុំតែក្រឡាប់ ឈើទាំងអស់នោះមិនដឹងជាដឹកដល់ណានោះទេ សង្ស័យតែចេះបំបាំងកាយពីភ្នែកសមត្ថកិច្ចជំនាញទើបដឹកឈើពេញរថយន្ត បានយ៉ាងរំភើយនៅលើផ្លូវសាធារណៈគ្មានអ្នកណាម្នាក់ដឹងសោះនោះឡើយបើមិនក្រឡាប់ទេក៏គ្មានអ្នកណាដឹងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានក៏បានស្រង់យកឈើប្រណិតនោះ និងរថយន្តមករក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់។
ដោយ សេង បូលីន