កំពតៈ យុវជនម្នាក់ បានស្លាប់នៅនឹងកន្លែង ជាមួយឈាមជោកជាំ ពេញមុខ ដោយសារបើកម៉ូតូ ក្នុងល្បឿនលឿន រួចជ្រុលបុកខឿនផ្លូវ កាលពីអធ្រាត្រ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ៣ ក្បែរផ្សារសាមគ្គី ទីរួមខេត្ត ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋានក្រុងកំពត បានប្រាប់ឱ្យដឹងថាៈ ជនរងគ្រោះ ដែលបានបាត់បាត់ជីវិត ក្នុងហេតុការណ៍នេះ ឈ្មោះ ភួង ភារិន អាយុ ២៣ ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
សមត្ថកិច្ច បានរៀបរាប់ថាៈ កាលពីវេលាម៉ោង ១១ និង១០នាទី យប់ថ្ងៃទី២៩ ខែវិច្ឆិកា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចន្លោះ បង្គោល គីឡូម៉ែត្រលេខ ១៤៧-១៤៨ បង្កឡើងដោយខ្លួឯង។ មុនគ្រោះថ្នាក់កើតឡើង មានយុវជនម្នាក់ បានជិះម៉ូតូចេញមកពីផ្លូវបេតុង ក្នុងទិសដៅពី ខាងជើង ទៅខាងត្បូង ដោយល្បឿនយ៉ាងលឿន។ លុះឆ្លងដល់ផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខភោជនីយដ្ឋាន មិត្តភាព ម៉ូតូក៏ជ្រុលបុកខឿន ផ្លូវពេញទំហឹង បណ្តាលឱ្យជនរងគ្រោះ ដួលបោកក្បាល ហូរឈាម ហើយស្លាប់ ភ្លាមៗតែម្តង៕