
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកនិងរថយន្តVIGOមួយគ្រឿងដែលកំពុងបើកបត់ឆ្លងផ្លូវ បណ្ដាលឲ្យបាក់កស្លាប់ក្រោយពីលើកដាក់លើរថយន្ដសង្គ្រោះ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១ៈ២០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HV-2185 បើកតាមបណ្ដោយផ្លូវ២១៧ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រងកន្លែងកើតហេតុ ដោយបើលឿនពេកហ្វ្រាំងមិនទាន់ក៏ជ្រុលបុកជាមួយរថយន្តម៉ាកVIGO មួយគ្រឿងបើកបរពីត្បូងទៅជើងកំពុងបត់ឆ្វេងឆ្លងផ្លូវពេញទំហិង បណ្ដាលឲ្យបោកផ្ទប់រងរបួសធ្ងន់ ភ្លាមៗត្រូវបានរថយន្តគ្លីនិកឯកជនកោះកេរ្តិ៍ ចេញទៅលើកគ្រាន់តែសែងដាក់ក្នុងរថយន្តជនរងគ្រោះបាក់កស្លាប់បាត់ទៅហើយ ចំណែកម្ចាស់រថយន្ដឃើញស្ថានភាពមិនស្រួលចុះរត់គេចខ្លួនបាត់។ជនរងគ្រោះខាងលើមានឈ្មោះ ហ៊ុយ បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួលជុលម៉ូតូ មានទីលំនៅភូមិ រលួស សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់រថយន្តនិងម៉ូតូ ទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញវាស់វែងយកទៅរក្សាទុក នឹងកសាងសំណុំរឿងធ្វើតាមនីតិវិធី ៕