បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន និង PSG, Lionel Messi បានក្លាយជាម្ចាស់ជ័យលាភីកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ Ballon d’Or ជាលើកទី៧ ក្រោយទទួលបានសំលេងគាំទ្រច្រើនជាងគេនៅពីលើ Robert Lewandwoski និង Jorginho។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានជួយក្រុមជំរើសជាតិអាហ្សង់ទីនឈ្នះពាន Copa America ដែលជាពានដំបូងរបស់ Messi ជាមួយក្រុមជំរើសជាតិ និងបូករួមទាំងស៊ុតបញ្ចូលទី ៤០គ្រាប់ក្នុងឆ្នាំ២០២១ ដែលរួមមាន ២៨គ្រាប់ឱ្យ Barcelona, ៤គ្រាប់ឱ្យ Paris Saint Germain និង ៨គ្រាប់ឱ្យក្រុមជំរើសជាតិអាហ្សង់ទីន។
ចំណែកខ្សែប្រយុទ្ធ Bayern Munich, Robert Lewandowski បានត្រឹមចំណាត់ថ្នាក់លេខ ២, លេខ ៣ Jorginho របស់ក្រុមតោខៀវ Chelsea និងលេខ ៤ ខ្សែប្រយុទ្ធ Real Madrid, Karim Benzema។ ការប្រគល់ពានជ័យលាភីឯកត្តជនប្រចាំឆ្នាំ Ballon d’Or ត្រូវបានបោះឆ្នោតដោយអ្នកសារព័ត៌មាន ១៨០នាក់ជុំវិញពិភពលោក តែឆ្នាំមុនត្រូវបានលុបចោលដោយសារ Covid-19។ Lionel Messi និង Cristiano Ronaldo តែងតែឈ្នះពាននេះជាប្រចាំគិតពីឆ្នាំ២០០៨ ដល់ ២០១៩ លើកលែង ២០១៨ មួយដែលឈ្នះដោយខ្សែបម្រើក្រូអាស៊ី Luka Modric។ Lionel Messi ជាកីឡាករដែលឈ្នះពាននេះច្រើនបំផុតក្នុងប្រវត្តិសាស្ត្រដែលរួមមាននៅឆ្នាំ២០០៩, ២០១០, ២០១១, ២០១២, ២០១៥, ២០១៩ និង ២០២១ នេះ។ ក្រោយទទួលបានពាន Lionel Messi ក៏បាននិយាយកោតសរសើរខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ដែរថាគេសប្បាយចិត្តតែ Lewandowski សមនឹងឈ្នះពាននេះដែរ។
Robert Lewandowski ដែលបានស៊ុតបញ្ចូលទីសរុប ៥៣គ្រាប់ឱ្យ Bayern Munich នោះក៏បានឈ្នះពានថ្មីមួយដែរគឺខ្សែប្រយុទ្ធឆ្នើមបំផុតប្រចាំឆ្នាំ។ ចំណែកពានផ្សេងៗទៀត Gianluigi Donnarumma ឈ្នះពានអ្នកចាំទីឆ្នើមប្រចាំឆ្នាំក្រោយជួយក្រុមជំរើសជាតិអ៊ីតាលីឈ្នះពាន Euro ២០២០។ Chelsea បានឈ្នះពានក្លិបបាល់ទាត់ល្អបំផុតប្រចាំឆ្នាំផងក្រោយឈ្នះជើងឯក UEFA Champions League។ សូមបញ្ជាក់ថា កីឡាករ ៣០នាក់ដែលស្ថិតក្នុងបញ្ជីបោះឆ្នោតឈ្នះពាន Ballon d’Or មានកីឡាករ ១៤នាក់នៅក្របខណ្ឌ English Premier League ដែលក្នុងនោះមាន Chelsea ៥នាក់ N’Golo Kante លេខ ៥, Romelu Lukaku បានលេខ ១២, Mason Mount លេខ ១៩, Cesar Azpilicueta លេខ ២៩។ Manchester City មាន Kevin de Bruyne លេខ ៨, Raheem Sterling លេខ ១៥, Riyad Mahrez លេខ ២០, Phil Foden លេខ ២៥ និង Ruben Dias លេខ ២៦។ Manchester United មានពីរនាក់គឺ Cristiano Ronaldo លេខ ៦ និង Bruno Fernandes លេខ ២១ ខណៈ Mohamed Salah លេខ ៧ និង Harry Kane លេខ ២៣។ រីឯខ្សែបម្រើអេស្ប៉ាញវ័យ ១៩ឆ្នាំ Pedri ឈ្នះពានកីឡាករយុវជនអាយុក្រោម ២១ឆ្នាំឆ្នើមបំផុតប្រចាំឆ្នាំតាមពីក្រោយដោយ Jude Bellingham, Mason Greenwood និង Bukayo Saka៕