
ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកបរដោយបុរសចំណាស់ម្នាក់ ដែលមានដឹកបង្អួចឈើផង បើកលឿនគេចមិនផុត ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតដែលកំពុងឆ្លងផ្លូវ បើកបរដោយលោកយាយម្នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ ចំណែកលោកយាយលក់នំរងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩ៈ២៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រថ្មី ភូមិទៀន សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាការពារ ដែលប្រចាំការលើផ្លូវ៦០ម៉ែត្រ បានឲ្យដឹងថា មុនពេលកើតហេតុ ភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-2209 ជិះដោយលោកយាយ មានទាំងកញ្ច្រែងលក់នំអាកោ ជិះឆ្លងផ្លូវពីត្បូងទៅជើង ស្របពេលនោះ ភាគីម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-4521 ជិះដោយបុរសចំណាស់ម្នាក់ មានដឹកបង្អួចឈើ បើកលឿនពីលិចទៅកើត គេចមិនផុត ឈើបង្អួចបុកលោកយាយលក់នំ បណ្តាលឲ្យបុរសចំណាស់ដួលរងរបួសធ្ងន់ សន្លប់ស្តូក ចំណែកយាយលក់នំរបួសស្រាល ។
ក្រោយពីកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹងដឹកយកទៅ ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕