
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលយើងរាប់ថយក្រោយ ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ហើយត្រូវតែធ្វើឲ្យព្រឹត្តិការណ៍នេះផ្ទុះឡើង។ សម្តេចបានថ្លែង នៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS) ជិត៧០០០នាក់ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
ប្រសាសន៍សម្តេចតេជោ បានថ្លែងថា៖ “កម្ពុជារង់ចាំប្រមាណជា ៦០ឆ្នាំហើយ ដោយសារតែប្រទេសយើងមិនអំណោយផល ដោយសារតែសង្រ្គាម បន្ទាប់មកយើងមានសន្តិភាព ប៉ុន្តែយើងគ្មានហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែឥឡូវយើងមានឱកាសធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ ដូច្នេះព្រឹត្តិការណ៍រាប់ថយក្រោយ ១០០ថ្ងៃនេះ ផ្សាយឲ្យបានផុសផុល”។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងឱ្យដឹងដែរថា ព្រះមហាក្សត្រកម្ពជា ក៏នឹងយាងទៅកាន់ខេត្តសៀមរាបនាពេលខាងមុខ ដើម្បីប្រទានភ្លើងគប់ ហើយភ្លើងនោះនឹងហែរទៅកាន់បណ្តាប្រទេសនានា បន្ទាប់មកទើបចូលមកកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ថវិការដែលកម្ពុជាត្រូវប្រើក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ នៅកម្ពុជាគឺ ១០០លានដុល្លារអាមេរិក៕