
ខេត្តកណ្តាល÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនិតិសម្បទាអ្នកញៀនគ្រឿងញៀន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បន្ទាប់ពីបានស្តាប់នូវមតិស្វាគមន៍ របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល និងរបាយការណ៍សាង់សង់ របស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ថ្វាយប្រគេន និងជូនចំពោះព្រះសង្ឈ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន អង្គទូត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងក្មួយៗជាជនរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ សូមប្រកបតែនឹងពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដែលតែងតែចង្អុលបង្ហាញលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគិតគូជានិច្ចដល់ការសាងសង់មជ្ឈមណ្ឌលសម្រាប់ជនរងគ្រោះដោយសារគ្រឿងញៀន។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក ក្រសួង សង្គមកិច្ច អតីតយុទ្ធជនអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយដោះស្រាយបញ្ហាគ្រឿងញៀន ក៏ដូចជាកសាងសម្រេចបាននូវសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកំពុងដាក់សម្ពោធឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនាព្រឹកនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្ថានទូត ដៃគូរអន្តរជាតិ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំចូលរួម សហការ និងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងជូនអង្គពិធីថា គ្រឿងញៀនគឺជាបញ្ហាសកល បង្កើតជាវិបត្តិសង្គមដ៏ស្មុគស្មាញ និងបានបង្កឲ្យរាំងស្ទះដល់ដំណើរការនៃការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច នយោបាយ សុខមាលភាពសាធារណៈ ធនធានមនុស្ស និងសុខសុវត្ថិភាពសង្គម ហើយក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅតែបន្តមានសកម្មភាពខ្លាំងក្លា តាមរយៈ ធ្វើការផ្លាស់ប្តូរគ្រប់រូបភាព វិធីសាស្រ្តថ្មីៗ និងកាន់តែមានឧបាយកលពិសពុល ក្នុងការលួចលាក់ ផលិតគ្រឿងញៀនខុសច្បាប់ ជាពិសេសការកើនឡើងគួរឲ្យកត់សម្គាល់ឥតឈប់ឈរ នៃការលួចបង្វែរសារធាតុគីមីផ្សំ ទៅជាការផលិត កែច្នៃគ្រឿងញៀនសំយោគខុសច្បាប់ ដែលមានលក្ខខណ្ឌងាយស្រួលក្នុងការផលិត បានកំពុងក្លាយជាការព្រួយបារម្ភយ៉ាងខ្លាំងសំរាប់ពិភពលោក តំបន់ និងកម្ពុជាយើងផងដែរ។
ប៉ុន្តែ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ បានប្រើប្រាស់គ្រប់លទ្ធភាព គ្រប់យន្តការជាតិ និងអន្តរជាតិ ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពី វិស័យឯកជន វិស័យ សាសនា អង្គទូត អង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍនានា អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងស្មារតីសាមគ្គីភាព ទទួលខុសត្រូវខ្ពស់ ដោយបានប្តេជ្ញាចិត្តអនុវត្តតាម ផែនការជាតិស្តីពី ការត្រួតពិនិត្យគ្រឿងញៀនរយៈពេល៥ឆ្នាំ (២០១៩-២០២៣) ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព បទបញ្ជា និងសារាចរណែនាំស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកថែរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុខភាពសាធារណៈ និងការអភិវឌ្ឍសង្គម។
ជាក់ស្តែង មជ្ឈមណ្ឌលជាតិ ដែលបានសាងសង់រួចរាល់នៅលើផ្ទៃដីប្រហែល២ហិកតានៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះ គឺដំបូងឡើយ មានទីតាំងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១០មកម្លេះ ប៉ុន្តែដោយសារភាពចង្អៀតណែន និងដើម្បីធ្វើឲ្យមានទំនើបកម្ម អគារ និងសម្ភារៈបច្ចេកទេសក្នុងគោលដៅឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវការ នៃការព្យាបាល និងស្តារនីតិសម្បទា
នាពេលបច្ចុប្បន្ន ទើបផ្លាស់ប្តូរមកសាងសង់នៅទីនេះ។ ការចាប់ផ្តើមដំណើរនៃមជ្ឈមណ្ឌលជាតិនេះគឺជាការឈានទៅមុខជាបន្តបន្ទាប់ ប្រកបដោយសុទិដ្ឋិនិយម និងជារបត់ថ្មីនៃយុទ្ធសាស្រ្តដោះស្រាយបញ្ហាគ្រឿងញៀនរយៈពេលយូរអង្វែងរបស់រាជរដ្ឋាភិបាល ព្រមទាំងឈានទៅបង្កើតឲ្យមាននិន្នានុវត្តន៍ នៃស្តង់ដាររួមមួយ នៃការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម អ្នកញៀនគ្រឿងញៀន តាមសេចក្តីណែនាំស្តីពីគោលការណ៍ នៃការបញ្ជូនអ្នកញៀនគ្រឿងញៀន ទៅតាមមជ្ឈមណ្ឌលព្យាបាលជាតិ និងតាមមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ និង ឯកជន តាមរយៈការផ្តល់នូវបំណិនជីវិត ពហុជំនាញ បច្ចេកទេស ដើម្បីឲ្យក្មួយៗដែលកំពុងសម្រាកព្យាបាលទាំងអស់ពេលជាសះស្បើយ នឹងមានជំនាញបច្ចេកទេសមួយពិតប្រាកដ អាចប្រកបរបរចិញ្ចឹមជីវិតបាន នៅពេលដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌល ទៅរស់នៅជាមួយក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិវិញ។
ដូចនេះ ដើម្បីបន្តគាំទ្រ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ សណ្តាប់ធ្នាប់ និងសុខុមាលភាពសាធារណៈ ជាបន្តទៀត ក៏ដូចជា បន្តគាំទ្រអភិវឌ្ឍន៍មជ្ឈមណ្ឌលជាតិនេះ ឲ្យដំណើរការទៅកាន់តែមានស្តង់ដារបច្ចេកទេសល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ស្របតាមផែនការ និងទិសដៅដែលបានគ្រោងទុក ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវឲ្យគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាពង្រឹង និងការពារសន្តិភាព រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានម៉ត់ចត់។