
ភ្នំពេញ ៖ បុរសម្នាក់បើករ៉ឺម៉កដឹកអេតចាយ មិនប្រយ័ត្តបានជ្រុលទៅបុកនិងរថយន្ដកូរ៉េមួយគ្រឿង ដែលកំពុងបើកបតឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់នៅពេលបញ្ជូនទៅមិនទាន់ដល់មន្ទីពេទ្យផង។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង៦ៈ១៥នាទីព្រលប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅក្នុងភូមិ អង្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានស្លាប់មាន ឈ្មោះ សឿន សុខា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបរម៉ូតូរុឺម៉ក ដឹកអេតចាយ រស់នៅភូមិសង្កែ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុ គេបានឃើញ រថយន្តកូរ៉េគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-5704 បើកបរដោយបុរសម្នាក់មានឈ្មោះ ហុក សុខហេង អាយុ៣៧ឆ្នាំមានទីលំនៅក្នុងភូមិព្រៃគោល ឃុំឃ្វាំង ស្រុកពញាឮ ខេត្ត កណ្ដាល បានបើករថយន្ដក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រងចំណុចមុខរោងចក្រកាត់ដេរសំលៀកបំពាក់ហ្វម៉ាត រថយន្ដក៏បត់ឆ្វេងឆ្លងផ្លូវ មិនទាន់នឹងផុតផង ស្រាប់តែជនរងគ្រោះដែលម៉ូតូរុឺម៉ក ដឹកអេតចាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CA-1749 បើកពីកើតទៅលិច បានមកបុកចំទ្រុងរថយន្តផ្នែកខាងក្រោយ បណ្តាលឲ្យបោកផ្ទប់ រងរបួសធ្ងន់ហើយត្រូវរថយន្ដយន្ដគ្លីនិកឯកជនដឹកយកទៅ តែដោយសារឃើញជនរងគ្រោះមានសភាពធ្ងន់ពេក ក៏បានដឹកទៅមន្ទីរពេទ្យរុស្សុី តែមិនទាន់ដល់ផងជនរងគ្រោះក៏បានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ជូនទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូរុឺម៉ក រួមទាំងអ្នកបើកបររថយន្ត សមត្ថកិច្ចប្រគល់ជូនការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕