ភ្នំពេញៈ ក្រោយពេលបាត់មុខមួយព្រឹក បុរសពោះម៉ាយម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញសព ក្នុងបរិវេណដីឡូត៌មួយកន្លែង។ ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោងជិត ១ រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងភូមិព្រៃកី.ខ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
អ្នកភូមិសន្និដ្ឋានថា បុរសពោះម៉ាយម្នាក់នេះ អាចយកខ្សែភ្លើង ទៅរាយដើម្បីឆក់ត្រី ស្រាប់តែឆ្លងចរន្ត បណ្ដាលឲ្យឆក់ខ្លួនឯង ស្លាប់តែម្តង។
សពជនរងគ្រោះ មានឈ្មោះ ម៉េង និញ អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើត នៅឃុំដងទង់ ស្រុកអង្គរជ័យ ខេត្តកំពត ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថាៈ កាលពីព្រឹក គេបានឃើញ ជនរងគ្រោះ ទៅរើសអេតចាយ ហើយមិនដឹងជានឹកឃើញ យ៉ាងម៉េចទេ ស្រាប់តែ ជនរងគ្រោះ យកខ្សែភ្លើងទៅរាយ ដើម្បីឆក់ត្រី នៅខាងក្រោយរោងស្នាក់នៅ ដោយមិនមានអ្នកណា ដឹងសោះឡើយ។
រហូតដល់វេលាម៉ោងខាងលើមិនឃើញជនរងគ្រោះសោះ ក៏នាំគ្នាដើររកស្រាប់តែ ឃើញខ្សែភ្លើង រាយចូលទៅក្នុងទឹក ខាងក្រោយរោងស្នាក់នៅ ក៏នាំគ្នាទៅមើល ហើយក៏ឃើញជនរងគ្រោះ ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យបានបាត់បង់ជីវិតបាត់ទៅ ហើយ។
ក្រោយកើតហេតុ អ្នកនៅទីនោះ ក៏បានរាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចទើបប្រគល់សព ជូនទៅក្រុមគ្រួសារ៕