
កំពង់ស្ពឺ ៖ ទីបំផុត! ស្នងការខេត្ដកំពង់ស្ពឺ បានសម្រេចដកលោក ភឺន ដេត នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រះស្រែ បញ្ឈរជើងជាបណ្ដោះអាសន្ន ដើម្បីបើកផ្លូវឲ្យកម្លាំងជំនាញព្រហ្មទណ្ឌចុះស្រាវជ្រាវ ករណីប្រើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់ ៥នាក់ កាលពីយប់ថ្ងៃទី០៧ ខែមករាឆ្នាំ២០២៣កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីស្នងការខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២៣ នេះថា៖ «ពេលនេះដកយកមកទុកនៅផែនព្រហ្មទណ្ឌ បង្កើតក្រុមការងារស្រាវជ្រាវ»។
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ គេឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ប្រមាណជិត ១០នាក់ ចុះទៅធ្វើកំណត់ហេតុសាកសួរក្រុមជនរងគ្រោះ នៅផ្ទះលោកមេភូមិទួលតារា ដើម្បីស្រាវជ្រាវរកការពិត និងស្វែករកយុត្តិធម៌ ជូនជនរងគ្រោះ។
នៅចំពោះមុខនគរបាលព្រហ្មទណ្ឌ ក្រុមជនរងគ្រោះ មិនព្រមទទួលយកសំណងជំងឺចិត្តជាលុយកាក់ដើម្បីដកពាក្យបណ្ដឹងនោះទេ ពោលគឺពួកគាត់ បានសំណូមពរឲ្យ សមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនជនល្មើស លោក ភឺន ដេត នាយរងប៉ុស្តិ៍ឃុំព្រះស្រែ ទៅជូនតុលាការដាក់ទោសទៅតាមផ្លូវច្បាប់ឲ្យបានតឹងរឹង តាមកំហុសដែលបានប្រព្រឹត្ត។