
កណ្ដាល ៖ ជនសង្ស័យចំនួន ០៤នាក់ ជាមុខសញ្ញាចាស់ដែលបានបើករុឺម៉កម៉ូតូដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកភូមិពេល យប់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង ២ៈ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ០៤នាក់ ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖
ទី១ ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី២ ឈ្មោះ យីន ម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ទី៣ ឈ្មោះ រិទ្ធិ សុភត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី៤ ឈ្មោះ ឆិន ឈាន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃស្រឡឹត ឃុំព្រៃស្រឡឹត ស្រុកពារាំង ខេត្តព្រៃវែង ។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាំងរួមមាន ៖ ម៉ូតូសណ្ដោករ៉ឺម៉កចំនួន០១គ្រឿង, ដាវចំនួន០១, កូនសោចុងស្រួចសម្រាប់កាច់កម៉ូតូចំនួន០២, ទូរស័ព្ទចំនួន០១, ទួណឺវីស ញញួរ និងកូនសោមួយចំនួន(ជារបស់ជនសង្ស័យ) ،កៅអីឈើ (ហង្សទេរ) ចំនួន០១ ជារបស់ជនរងគ្រោះ ។ ចំណែកជនរងគ្រោះឈ្មោះ ស្ងួន ម៉េង ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ប្រភពដដែលបានបន្តទៀតថា ក្រុមជនសង្ស័យជាមុខសញ្ញាដើរលួចទ្រព្យសម្បត្តិអ្នកភូមិពេលរាត្រី ហើយមុនកើតហេតុ ជនសង្ស័យបើករុឺម៉កម៉ូតូទៅធ្វើសកម្មភាពលួចហង្សទេ នៅផ្ទះជនរងគ្រោះ តែដឹងខ្លួន ស្រែកឆោឡោប្តឹងសមត្ថកិច្ចដេញតាមចាប់ឃាត់ខ្លួនបានទាំង០៤នាក់ ។
ក្រោយចាប់ខ្លួនបានជនសង្ស័យទាំង០៤នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅផ្នែកជំនាញ អធិការដ្ឋានស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕