
ភ្នំពេញ ៖ ឆេះឃ្លាំងរថយន្តស៊េរីទំនើបមួយកន្លែងនៅក្នុងសង្កាត់ផ្សារដេប៉ូ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញជួយអន្តរាគមន៍ ។
គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ២៣៤ ភូមិ៦ ក្រុម១៣៦ តាមបណ្តោយផ្លូវ១៨៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយចេញពីខាងក្រោយឃ្លាំងលក់រថយន្ត បន្ទាប់មកក៏មានអណ្តាតភ្លើងឆាបឆេះរថយន្តមួយគ្រឿងម៉ាក Lexus LM300h បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗនោះប្រជាពលរដ្ឋ បានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ជាបឋម ប៉ុន្តែដោយសារការឆាបឆេះនោះខ្លាំងពេក និងបានឆេះរាលដាលទៅដល់រថយន្តទំនើប២គ្រឿងទៀតម៉ាក ប៊េនលី និង 4Runner គ្រប់គ្រងលែងជាប់ប្រជាពលរដ្ឋបានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍អោយរថយន្តពន្លត់អគ្គិភ័យចេញមកជួយផងដែរ។
ក្រោយទទួលដំណឹង ខាងកម្លាំងនៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីជួយអន្តរាគមន៍ភ្លាមៗផងដែរ។
សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះ មិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ចំពោះមូលហេតុនៃការឆាបឆេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ។
បន្ទាប់ពីអន្តរាគមន៍ និងគ្រប់គ្រងបានទាំងស្រុងនាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន១៧គ្រឿង បាញ់ទឹកអស់ទាំង១៧គ្រឿង៕