
សៀមរាប ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ និងម៉ូតូមួយគ្រឿងនៅក្នុងទឹកប្រឡាយ សង្ស័យស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្ករដោយខ្លួនឯង ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចក្នុងទឹកប្រឡាយ ជាប់ផ្លូវកៅស៊ូ ក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នេះថា បន្ទាប់ពីទទួលព័ត៌ មានពីអាជ្ញាធរមូលដ្ឋាន ថាមានប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់នៅក្នុងទឹកប្រឡាយ កម្លាំងសមត្ថកិច្ចបានសហការគ្នាជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ, កម្លាំងនគរបាលចរាចរណ៍, កម្លាំងអធិការក្រុង និងគ្រូវពេទ្យផ្នែកកោលស្យវិច័យ ដើម្បីចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើកោលស្យវិច័យ លើសាកសព ។
ប្រភពពីប្រជាពលរដ្ឋដែលប្រទះឃើញសពបានឲ្យដឹងថា គាត់បានទៅបូមទឹកដាក់ស្រែ រួចគាត់បានដើរមកនិយាយលេងជាមួយបុរសម្នាក់ទៀតនៅក្បែរនោះ មួយសន្ទុះក្រោយមកគាត់ក៏ឃើញមួកសុវត្តិភាពអណ្ដែតក្នុងទឹក គាត់ក៏បានចុះទៅស្រង់មួកយកមក ស្រាប់តែឃើញមានសក់ក្បាលមនុស្សអណ្ដែតក្នុងទឹកទៀត គាត់ក៏បានព្យាយាមមើល ទើបដឹងថាមានមនុស្សស្លាប់ក្នុងទឹក ហើយក៏បានរាយការទៅលោកមេភូមិតែម្តង។
បើតាមការរៀនរាប់ពីប្អូនបង្កើតរបស់ជនរងគ្រោះឈ្មោះ ហ៊ាន សាវឿយ ភេទប្រុស អាយុ ២៩ឆ្នាំ បានឱ្យដឹងថា នៅវេលាម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បងប្រុសរបស់គាត់បានធ្វើដំណើរចេញពីផ្ទះនៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ដើម្បីចូលរួមក្នុងពីធីមង្គលការរបស់មិត្តភក្តិ ស្ថិតនៅភូមិក្របីរៀល សង្កាត់ក្របីរៀល ដោយជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Y-8230 ។
បន្ទាប់មកក៏មិនឃើញជនរងគ្រោះត្រឡប់ទៅផ្ទះវិញដែរ ចំណែកទូរស័ព្ទក៏ទំនាក់ទំនងមិនបាន ទើបពួកគាត់បានបង្ហោះសារផ្សព្វផ្សាយស្វែងរកជនរងគ្រោះ តាមបណ្ដាញសង្គមហ្វេសប៊ុក ។ លុះវេលាម៉ោង១០និង ៣០នាទីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៣ គាត់បានទទួលដំណឹងតាមទូរស័ព្ទពីសមត្ថកិច្ចថា ប្រទះឃើញស.ពរបស់បងប្រុសគាត់នៅក្នុងទឹកប្រឡាយ ត្រង់ចំណុចកន្លែងកើតហេតុខាងលើ លុះពេលគាត់មកដល់ពិនិត្យជាក់ស្តែង ទើបដឹងថាជាស.ពបងប្រុសបង្កើតរបស់គាត់ពិតមែន។
តាមប្រភពខាងលើបានបន្តថា ជនរងគ្រោះ ឈ្មោះ ហ៊ាន សាវ៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។
យោងតាមការពិនិត្យលើដងខ្លួនសព ផ្នែកក្បាល (មានស្នាមបែកលើភ្នែកខាងឆ្វេង និងបាក់ក) និងអវយវៈលើដងខ្លួន (មិនមានស្នាមអ្វីគួរឱ្យសង្ស័យនោះទេ) ។ តាមការពិនិត្យកន្លែងកើតហេតុ គឺជាទីតាំងផ្លូវកោង និងទួលខ្ពស់ និងមានប្រឡាយទឹកអមសងខាងផងដែរ។
បន្ទាប់ពីធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានសន្និដ្ឋានថា គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យស្លា.ប់ ដែលបង្កឡើងដោយខ្លួនឯង។
ចំណែកសពជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕