ភ្នំពេញៈ អគ្គិភ័យឆេះផ្ទះល្វែងបុរីគឹមសាន្ត បណ្ដាលឱ្យបុរសម្នាក់ បានស្លាប់ និងនារីម្នាក់ រងរបួស ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោងជិត ១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះល្វែង បុរីគឹមសាន្ត ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំពូល រាជធានីភ្នំពេញ។
សមត្ថកិច្ច បានអោយដឹងថាៈ ជនរងគ្រោះ ឈ្មោះ សៀ សុខផល អាយុជាង ៥០ ឆ្នាំ ។
ប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ នៅម៉ោង ១២ ពាក់កណ្តាលអធ្រាត្រ ស្រាប់តែឃើញផ្សែងហុយខ្មៅ ចេញពីផ្ទះកើតហេតុ ក៏រាយការណ៍ទៅសមត្ថកិច្ច ហើយសមត្ថកិច្ច មូលដ្ឋាន ក៏មកដល់ រយៈពេល ១០ នាទី ក្រោយមក ក៏មានចេញជាអណ្ដាតភ្លើង យ៉ាងសន្ធោ សន្ធៅ។ បន្ទាប់មក ក៏មានរថយន្តពន្លត់អគ្គិភ័យ បានមកដល់បាញ់ទឹក អន្តរាគមន៍ ដើម្បីជួយសង្គ្រោះម្ចាស់ផ្ទះ តែអកុសល បុរសវ័យចំណាស់ម្នាក់ត្រូវបាន បាត់បង់ជីវិត ទៅហើយ។ សមត្ថកិច្ច សង្គ្រោះ បានតែនារីវ័យក្មេងម្នាក់ប៉ុណ្ណោះ ហើយនារីនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ រថយន្តពន្លត់អគ្គិភ័យ ចំនួន ៥ គ្រឿង មានដូចជា រថយន្តពន្លត់អគ្គិភ័យរបស់ សង្ឃឹមថ្មី ចំនួន ៣ គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ អង្គភាពសង្គ្រោះ៩១១ ចំនួន១គ្រឿង រថយន្តរបស់រដ្ឋបាលខណ្ឌកំបូល ចំនួន១គ្រឿង សរុប ៥ គ្រឿង ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕