
ភ្នំពេញ ៖ មនុស្សម្នាក់បានបាត់បងជីវិតក្រោយបញ្ជូនទៅមន្ទីពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយជនរងគ្រោះជិះម៉ូតូឌុបគ្នាយ៉ាងលឿន ជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កច្រាសទិស។
ហេតុការណ៍ខាងលើបានកើតឡើងកាលពី វេលាម៉ោង៧ៈ៤៥នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្រពាំងចេក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ យ៉ុង ភារម្យ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិរលួស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។និងម្នាក់ទៀត ឈ្មោះ ណាង និត ភេទប្រុស អាយុ៣១ឆ្នាំមុខ របរកម្មរោងច្រក មានទីលំនៅភូមិស្ពឺ ក ឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ប្រភពពីកន្លែងកើ់តហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AF-7806 បើកបរដោយអ្នកស្លាប់ជិះឌុបគ្នា ក្នុងទិសពីជើងទៅត្បូងល្បឿនលឿន លុះដល់ត្រងកន្លែងកើតហេតុបានជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងទៀត ដែលបើកច្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ។ចំណែកម្ចាស់រឺម៉កឃើញស្ថានភាពមិនស្រួលបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ់បានចុះធ្វើការវាស់វែង រួចយកម៉ូតូនិងរឺម៉កទាំង០២ទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕