
ភ្នំពេញ៖ មានករណីអគ្គិភ័យចំនួន ៦១៨លើក បានកើតឡើងនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២២ បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋប្រមាណ ៦៩៧ខ្នងផ្ទះ ស្លាប់មនុស្ស ១៧នាក់ របួស ៥៩នាក់។
នេះបើយោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់នាយកដ្ឋានពន្លត់អគ្គិភ័យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ករណីអគ្គិភ័យនេះបានថយចុះ ៥២លើក ធៀបនឹងឆ្នាំ២០២១។ ករណីគ្រោះអគ្គិភ័យទាំងនេះភាគច្រើនកើតឡើងក្នុងរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពត និងខេត្តសៀមរាប។ ក្នុងនោះគោលដៅងាយរងគ្រោះសរុបមានចំនួន ១៥៩០គោលដៅ រាជធានីភ្នំពេញមាន ៩៥៨គោលដៅ និងបណ្តាខេត្តទាំង២៤ មានចំនួន ៦៣២គោលដៅ។ ដោយឡែក រោងចក្រចំនួន ៩០៨រោងចក្រ ក៏ជាគោលដៅងាយរងគ្រោះ ក្នុងនោះ មាននៅរាជធានីភ្នំពេញ ១៨២រោងចក្រ និងបណ្តាខេត្តទាំង២៤ មាន ៧២៦រោងចក្រ។
បើយកតាមរបាយការណ៍របស់នាយកដ្ឋាននគរបាល បង្ការ និងពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា មូលហេតុបង្កឱ្យមានគ្រោះអគ្គិភ័យ ច្រើនបណ្តាលមកករណីអគ្គិសនី ដែលមានប្រមាណ ៤១.៥៥%, ប្រើប្រាស់ភ្លើង ៣៨.២៤% និងក្តាប់មិនបាន ២០.២១%។ ក្រៅពីនេះ បណ្តាលមកពី កម្លាំងមធ្យោបាយ និងស្ថានីយពន្លត់អគ្គិភ័យរបស់នគរបាលជាតិទូទាំងប្រទេស, កម្លាំង និងមធ្យោបាយរបស់នាយកដ្ឋានពន្លត់អគ្គិភ័យ, មធ្យោបាយ ស្ថានប័នរដ្ឋ និងឯកជន។
ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កេតឃើញថា ថ្មីៗនេះមានករណីគ្រោះអគ្គិភ័យកើតឡើងច្រើនករណី ដោយកត្តាអាកាសធាតុ(រដូវធ្លាក់ខ្យល់) ក៏ដូចជាយថាហេតុផ្សេងៗទៀត។ ក្រៅពីនេះក៏បានសំណូមពរឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះវត្ថុធាតុដែលអាចបង្កជាគ្រោះអគ្គិភ័យ ការទុកដាក់ពិនិត្យភ្លើងធូប ទៀន និងចង្ក្រាន ក៏ដូចជាគ្រឿងអគ្គិសនីអេឡិកត្រូនិច ដែលអាចបង្កការឆាបឆេះបាន៕