កំពង់ឆ្នាំង៖ ដីព្រៃលិចទឹកតំបន់៣ទំហំជិត ២ពាន់ហិកតា ស្ថិតក្នុងស្រុកកំពង់លែង ត្រូវបានក្រុមការងារចម្រុះរបស់រាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានដកហូតមកទុកជាសម្បត្តិរដ្ឋវិញដោយគ្មានលក្ខខ័ណ្ឌ។
យុទ្ធនាការដកហូតនេះ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យចាត់វិធានការណ៍ច្បាប់ចំពោះបុគ្គលដែលទន្ទ្រានដីរដ្ឋ។
ក្រោយពីពិនិត្យស្ថានភាពជាក់ស្តែងលើទីតាំងល្មើសរួចមក ឯកឧត្តម ជា សុផារ៉ា បានសម្រេចដកហូតដីព្រៃលិចទឹកតំបន់៣ប្រមាណជិត២ពាន់ហិកតា ស្ថិតក្នុងភូមិគោកព្រះ ឃុំច្រណូក ពីបុគ្គលដែលបានឈូសបំផ្លាញយកដីជាកម្មសិទ្ធិផ្ទាល់ខ្លួន មកទុកជាសម្បត្តិរដ្ឋវិញដោយឥតលក្ខខ័ណ្ឌ។
ឯកឧត្ដម ជា សុផារ៉ា បញ្ជាក់ថា បើទោះបីដីទាំងនោះបាន និងកំពុងអាស្រ័យផលស្រូវក៏ដោយ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ត្រូវចុះដាំកូនព្រៃឈើលិចទឹកឡើងវិញ ដោយក្នុង ១ហិកតាត្រូវដាំកូនឈើព្រៃលិចទឹកចំនួន១០០ដើម ក្នុងនោះមានដើមរាំង ដើមច្រកែង ដើមម្តេញ និងដើមសណ្តាន់ ហើយបន្តថែរក្សាឱ្យមាននិរន្តរភាពជាចាំបាច់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យចាប់ខ្លួនទាំងអស់រាល់បុគ្គលណាដែលមានចេតនារារាំងដំណើរការដកហូតដីព្រៃលិចទឹកនេះ ឬមានការតវ៉ាតាមរូបភាពណាក៏ដោយ។
ឯកឧត្ដម ជា សុផារ៉ា ក៏បានណែនាំទៅក្រសួងធនធានទឹក និងឧតុនិយម ត្រូវធ្វើផ្លាកកំណត់សម្គាល់ និងចង្អុលបង្ហាញប្រជាពលរដ្ឋពីទីតាំងដីព្រៃលិចទឹកតំបន់៣ ដើម្បីកុំឱ្យមានការទន្ទ្រានបន្ត ជាពិសេសត្រូវអនុវត្ត និងចាត់វិធានការទាំងអស់ខាងលើឱ្យទាន់ពេលក្នុងរយៈពេល ១សប្តាហ៍គិតចាប់ពីថ្ងៃចុះយុទ្ធនាការតទៅ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងបន្តស្រាវជ្រាវនៅកន្លែងរុករានព្រៃលិចទឹកតំបន់២ និងតំបន់៣បន្តទៀត នៅក្នុងស្រុកបរិបូណ៌ ស្រុកជលគីរី ក៏ដូចជាតំបន់ផ្សេងទៀត ដើម្បីដកហូតដីព្រៃលិចទឹកទាំងនោះមកទុកជាសម្បត្តិរដ្ឋវិញ និងបន្តការដាំដុះកូនព្រៃឈើលិចទឹកឡើងវិញ នៅតាមតំបន់ដែលរងការឈូសបំផ្លាញ។
ចំណែកស្នងការនគរបាលខេត្តកំពង់ឆ្នាំងវិញ កំពុងបន្តនីតិវិធីកោះហៅបុគ្គលពាក់ព័ន្ធចំនួន ១៣នាក់ជាម្ចាស់ដី មកសាកសួរព័ត៌មានជាបន្តបន្ទាប់។
ក្នុងចំណោមបុគ្គលដែលរំលោភយកដីព្រៃលិចទឹកទាំង ១៣នាក់ខាងលើ គេសង្កេតឃើញមានឪពុករបស់ព្រះរាជអាជ្ញារងម្នាក់ នៅសាលាដំបូងខេត្តកំពង់ឆ្នាំង, ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង, អតីតមេបញ្ជាការប៉េអឹមស្រុកកំពង់លែង, មន្ត្រីសាលាស្រុកកំពង់លែង, និងអ្នកមានបុណ្យស័ក្តិមួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។