
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅមូលដ្ឋានការពារអាកាសកងទ័ពជើងគោក ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ជាតិអន្តរជាតិថ្មីៗទៅកាន់កងកម្លាំងការពារអាកាសកងទ័ពជើងគោក ។
ជាកិច្ចចាប់ផ្ដើម ឧត្តមសេនីយ៍ត្រី ស ណន់ មេបញ្ជាការរងបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានឡើងផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រសង្ខេបរយៈពេល២០ នាទីដោយបានចូលជ្រៅលើកឡើងឱ្យកងកម្លាំងយើងចេះវិភាគ ថ្លឹងថ្លែងវាយតម្លៃឲ្យបានច្បាស់លាស់នៅរាល់ព័ត៌មានតាមបណ្ដាញសង្គមព្រោះវាមានវិជ្ជមាន និងអវិជ្ជមានមុននឹងធ្វើការចែករំលែកជៀសវាងការគាំទ្រឬការផ្សព្វផ្សាយបន្តដោយគ្មានមូលដ្ឋានជាក់លាក់ដែលជាព័ត៌មានមិនពិតខ្វះការពិចារណា និងអាចខុសឆ្គងដល់ខ្លួនឯងផង និងប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈសុខសុវត្ថិភាពសង្គមផងដែរ។
ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស បានមានមតិចូលរួមសំណេះសំណាលដោយលើកពីសភាពការណ៍អន្តរជាតិថ្មីនៅលើពិភពលោក បញ្ហាការសាកល្បងជាច្រើនលើកច្រើនសាមីស៊ីលប៉ាលេស្ទិចកូរ៉េខាងជើង វិបត្តិផ្ទៃក្នុងចិន និងកោះតៃវ៉ាន់ដោយចិនបានពង្រឹងការពារជាតិធ្វើសមយុទ្ធញឹកញាប់ព័ទ្ធកោះតៃវ៉ាន់ ជាពិសេសសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកវិស័យស្បៀងអាហារ វិបត្តិថាមពលមានការឡើងថ្លៃខ្ពស់ នៅកម្ពុជាយើងក៏រងផលប៉ះពាល់ពីសង្គ្រាមនេះផងដែរ។ ដោយឡែកនៅផ្ទៃក្នុងប្រទេសកម្ពុជាយើងវិញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យមានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យទាំងសេដ្ឋកិច្ច នយោបាយ យោធា ដឹកនាំកំណែទម្រង់សុីជម្រៅគ្រប់ប្រព័ន្ធគ្រប់គ្រងជាតិ ពង្រឹងវិស័យអប់រំ និងធនធានមនុស្សសំដៅពង្រឹងសមត្ថភាពដឹកនាំដើម្បីលើកតម្កើងសមិទ្ធផលជាតិ ផលប្រយោជន៍សាធារណៈ សន្តិសុខសង្គម និងនីតិរដ្ឋ។
ឯកឧត្តម សុខ ប៉ាង បានគូសបញ្ជាក់បន្ថែមថាក្រោមកិច្ចខិតខំប្រឹងប្រែងការងារអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធយើងទាំងអស់ក៏ត្រូវបានចូលរួមចំណែកស្ដារវិស័យកងយោធពលខេមរៈភូមិន្ទឲ្យមានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យផងដែរទាំងហេដ្ឋារចនាសម្ព័ន្ធជាតិ ធនធានកងកម្លាំង និងគ្រឿងបំពាក់ ជាពិសេសកងទ័ពត្រូវចូលរួមសហការជាមួយស្ថាប័នអាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិដើម្បីជួយសង្គ្រោះទប់ស្កាត់នៅគ្រោះមហន្តរាយនានាដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ ជាពិសេសវិបត្តិជម្ងឺកូវីដ.១៩ កន្លងមកនេះដែលជាវីរុសដ៏កាចសាហាវ និងគ្រោះថ្នាក់បំផុតបានសម្លាប់ប្រជាជនរាប់លាននាក់នៅលើពិភពលោក និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចពិភពលោកផងដែរ កងឯកភាពយើងក៏បានចូលរួមចំណែកយ៉ាងសកម្មធំធេងផងដែរ ដោយបានចាក់វ៉ាក់សាំងជូនគ្រួសារកងទ័ព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមន្ត្រីរាជការស៊ីវិល ព្រះសង្ឃ ជនបរទេស និងប្រជាពលរដ្ឋទូទៅបានជាង៣០០,០០០ម៉ឺននាក់។
ឯកឧត្តម បានផ្ដាំផ្ញើឲ្យកងទ័ពត្រូវតែស្មោះត្រង់ដាច់ខាត និងជាតិមាតុភូមិការពារអធិបតេយ្យភាពបូរណភាពទឹកដីការពាររដ្ឋធម្មនុញ្ញការពារព្រះមហាក្សត្រ ជាពិសេសការពារ និងគាំទ្រយ៉ាងពេញទំហឹងនៅរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ប្រឆាំងដាច់ខាតរាល់អំពើញុះញង់បំបែកជាតិដើម្បីរក្សានូវសុខសន្តិភាពជូនជាតិ៕