
ភ្នំពេញ ៖ យុវជន០២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្តបានជ្រុលទៅបុកនិងរបាំងថ្ម ដែលគេដាក់លើចិញ្ចើមផ្លូវ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស។
ហេតុការណ៍ខាងលើនេះកើតឡើងកាលពី វេលាម៉ោង ៨ៈ៣០នាទីយប់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើមានឈ្មោះ ឃុនលិញ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នាមុនពេលកើតហេតុ គេបានឃើញ ម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 1R-2570 ជិះគ្នា០២នាក់ បើកតាមបណ្ដោយផ្លូវ១០០៣ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន លុះមកដល់ត្រងកន្លែងកើតហេតុ ដោយសារតែពេលយប់មេឃក៏ងងឹតនៅលើផ្លូវ ស្រាប់តែជ្រុលទៅបុករបាំងថ្មដាក់លើចិញ្ចើមផ្លូវ ចំពេញទំហឹង បណ្ដាលឲ្យដួលផ្លោងទាំងម៉ូតូនិងជនរងគ្រោះទាំង០២ ជាច្រើនម៉ែត្រ ដែលបង្ករឲ្យយុវជនម្នាក់ជាអ្នកឌុបស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់កន្លែងកើតហេតុ ហើយមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងបន្តទៅជំនាញចរាចរណ៍ ចុះមកវាស់វែង រួចយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕