
នាពេលព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមករា ឆ្នាំ២០២៣ របស់អគ្គាធិការដ្ឋាន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ជាមួយគ្នានេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានចូលរួមអបអរសាទរចំពោះឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការរង និងលោកឧត្ដមសេនីយ៍ត្រី ប្រធាននាយកដ្ឋាន ដែលទេីបតែងតាំងមុខតំណែងថ្មីផងដែរ។
បន្ទាប់មក ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យមន្ត្រីជំនាញអានរបាយការណ៍ប្រចាំខែជូនដល់អង្គប្រជុំ និងបានស្នើឱ្យឯកឧត្តម លោកជំទាវ ព្រមទាំងសមាជិកអង្គប្រជុំទាំងអស់ចូលរួមពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមករា ឆ្នាំ២០២៣ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ក្រោយពីមានមតិយោបល់ចូលរួមរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានធ្វើការណែនាំចំណុចសំខាន់មួយចំនួនផងដែរ៕