
កោះកុង ៖ ក្មេងប្រុសម្នាក់មានអាយុទើបតែ៣ឆ្នាំរត់ឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងបុកស្លាប់ក្រោយពីដឹកបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤ៈ៥៨នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ តាមផ្លូវគ្រួសក្រហម ក្នុងភូមិជ្រោយស្វាយកើត ឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ក្មេងរងគ្រោះឈ្មោះ ភ័ណ្ឌ រាជ ភេទប្រុស អាយុ៣ឆ្នាំមានទីលំនៅភូមិជ្រោយស្វាយកេីត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាកកាមរីគូធស្វិត សេរី៩០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2B-6354 បើកបរដោយឈ្មោះ ខ្មៅ ហឿន ភេទប្រុស អាយុ៤១ឆ្មាំ មានទីលំនៅភូមិ ស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែក្មេងប្រុសម្នាក់អាយុ៣ឆ្នាំ បានរត់ឆ្លងកាត់ទទឹងផ្លូវ ម្ចាស់រថយន្តជាន់ហ្វ្រាំងមិនទាន់ហើយក៏ជ្រុលបុក បណ្តាលឲ្យរងរបួសធ្ងន់ ក្រុមគ្រួសារបានដឹកបញ្ជូនទៅមន្ទីរពេទ្យតែក្មេងប្រុសខាងលើបានបាត់បងជីវិតបាត់ទៅហើយ។
បន្ទាប់ពីកើតហេតុ រថយន្តនិងអ្នកបើកបរ សមត្ថកិច្ចនាំយកទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕