
ភ្នំពេញ ៖ រថយន្តក្រឡាប់សង្កត់ជាប់បុរស០២នាក់ជាជាងជួសជុលរថយន្ដ នៅពេលដែរកំពុងយកដួយកង់រថយន្ត ដើម្បីជួសជុលរថយន្តនៅខាងក្រោមរថយន្ត។
ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង ៩ៈ០០នាទី ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៤ កែងនឹងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីម្ចាស់រថយន្ដបានប្រាប់ឲ្យដឹងថា គាត់បានមកដឹកគ្រឿងសំណង់នៅម្តុំវត្តតាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ យកទៅបោះឲ្យម៉ូយនៅខេត្តតាកែវដឹករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខ តាកែវ3A-3768 មួយគ្រឿង បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៤ បម្រុងនឹងបត់ស្តាំតាមផ្លូវបេតុងដើម្បីឆ្លងចេញទៅផ្លូវជាតិលេខ៣ នៅពេលដែលគាត់កំពុងតែបើកឡើងទួល ដោយសាតែរថយន្តដឹកធ្ងន់ពេក ក៏បានបាក់ប៉ុងភ្លៅខាងក្រោយ និងពេលយប់ផងនោះគាត់ក៏ទុករថយន្ត ហើយក៏សម្រាកនៅទីនោះអស់មួយយប់ លុះព្រឹកឡើងក៏បានប្រជាការពារ ដែលស្គាល់ជាងបានជួយហៅជាងទាំង២នាក់ មកជួសជុលរថយន្ត ហើយគាត់បានជិះម៉ូតូឌុបទៅទិញគ្រឿងបន្លាស់ ដើម្បីយកមកឲ្យជាងផ្លាស់ប្តូរ នៅពេលនោះផងដែរជាងទាំង០២នាក់ កំពុងតែយកប្រដាប់ដួយរថយន្តមកដួយកង់រថយន្តពីខាងក្រោយ ដើម្បីចូលទៅដោះប៉ុងភ្លៅរថយន្ត បណ្តាលឲ្យរថយន្ដផ្អៀងមួយជំហៀងរួចក្រឡាប់សង្កត់ជាងទាំង០២នាក់គាបជាប់រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋនៅជិតនោះ ជួយទាញយកមកក្រៅ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះភ្លាម ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យរថយន្ត និងធ្វើកំណត់ហេតុ ដើម្បីស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕