ម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានឃាត់ខ្លួនយុវជនម្នាក់បន្ទាប់ពីប្រើអំពើហិង្សាលើឪពុកបង្កើតរបស់ខ្លួនបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយសារសុំទូរស័ព្ទពីឪពុកលេងហ្គេមមិនបាន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលឃាត់ខ្លួនមានឈ្មោះ វុធ ណាវីន ហៅបាវ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះ រឺន សាវុធ ភេទប្រុស អាយុ៥៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី នៅចំណុចក្រុមទី០៨ ភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ជនសង្ស័យជាកូនបង្កើតរូបនេះបានយកដំបងឈើមូលវាយទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យបែកមុខក្រោមភ្នែកស្តាំ បែកចិញ្ចើមទាំងសងខាង និងផ្ទៃមុខប៉ោងជាំលើក្បាល។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុដែលឈានទៅដល់មានផ្ទុះហិង្សាបែបនេះ គឺនៅពេលកើតហេតុជនសង្ស័យជាកូនបានសុំយកទូរស័ព្ទពីឪពុកដើម្បីលែងហ្គេម តែឪពុកមិនឱ្យទើបកើតអំពើហិង្សានេះឡើងដោយកូនប្រើដំបងឈើវាយទៅលើឪពុករងរបួសធ្ងន់ធ្ងរផ្នែកក្បាល រួចក៏ឆក់យកទូរស័ព្ទរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយឃាត់ខ្លួននិងសួរនាំជនសង្ស័យ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តអនុវត្តតាមផ្លូវច្បាប់៕