
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកតាកូម៉ាមួយគ្រឿង មិនប្រយ័ត្ន ក៏ជ្រុលទៅបុកPassup មួយគ្រឿងទៀតចំពីមុខពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៤នាក់ រងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង ៣៥នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញមានកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 1HU-2937 បើកបរដោយបុរសម្នាក់ រួមនឹងអ្នកដំណើរសប្រុសស្រី ៣នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន បានបើកឆ្លងស្តុបដល់ពាក់កណ្ដាលផ្លូវហើយ ស្រាប់តែមានឲ្យយន្តមួយគ្រឿង ម៉ាកតាកូម៉ាពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AO-6151 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៩ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនដូចគ្នា លុះមកដល់ចំណុចកើតហេតុ ស្តុបផ្លូវបំបែកជាបួន តែមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកPassup ចំពីមុខពេញទំហឹង បណ្តាលឲ្យPassup រួញចូលគ្នា បណ្ដាលឲ្យអ្នកបើកបរPassup នឹងអ្នកដំណើរប្រុសស្រី៣នាក់ទឿត រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកម្ចាស់រថយន្តវិញ បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ ធ្វើការវាស់វែងយកមធ្យោបាយធ្វើដំណើរទាំងពីរ ទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ ៕





