
រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សនិ្តបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុប ដកពិសោធន៍ការងារវិទ្យុទាក់ទង និងការងារប្រចាំបញ្ជា របស់នាយកដ្ឋានវិទ្យុទាក់ទង នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដា្ឋនវិទ្យុទាក់ទង បានលើកឡើងថា ដើម្បីឲ្យកិច្ចប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ដំណើរការប្រកបដោយប្រសិទ្ធិភាព និងដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបញ្ជាចង្អុលណែនាំរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងជួរកងកំលាំងនគរបាលជាតិ និងដោយសារមានការសហការបល្អជាមួយបណ្តាប្រទេសជាមិត្ត-បណ្តាក្រុមហ៊ុន អង្គភាព ស្ថាប័នពាក់ព័ន្ធ នាយកដ្ឋានវិទ្យុទាក់ទង បានរៀបចំប្រព័ន្ធទាក់ទងព័ត៌មាននៅទីបញ្ជាការប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍រួមមាន ៖ ប្រព័ន្ធទូរស័ព្ទ Hotline (១១៧ -០២៣) វិទ្យុ ID ប្រើប្រាស់ក្នុងប្រព័ន្ធ ស្ថានីយ៍ផ្សាយបន្ត X1 ស្ថានីយ៍យុទ្ធជ័យ និងស្ថានីយ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោប្រធាននាយកដា្ឋនបន្តថា ប្រព័ន្ធនេះ ត្រូវបានប្រើប្រាស់សំរាប់ទទួលព័ត៌មានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពីវិទ្យុផ្សាយសំឡេងឯកជន អង្គភាព អង្គការ និងស្ថាប័នផ្សេងៗ នូវហេតុការណ៍ចាំបាច់បន្ទាន់នានា ដែលកើតមានឡើងពាក់ព័ន្ធដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងបញ្ជូនព័ត៌មានដល់អង្គភាព ស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមជំនាញ។ ចំណែកការងារប្រចាំបញ្ជានេះផងដែរ គឺបានទទួលព័ត៌មានទាន់ហេតុការណ៍តាមប្រព័ន្ធទូរស័ព្ទ Hotline 117, តាមប្រព័ន្ធវិទ្យុទាកទង ID និងតាមបណ្ដាញសង្គម សរុបចំនួន ៩៧៦លើក និងបានដោះស្រាយសរុបចំនួន ៩៧៦ករណី។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដែលបានលើកឡើងនូវសមិទ្ធផលសំខាន់ៗដែលសម្រេចបាន និងបញ្ហាប្រឈមជាក់ស្តែង ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ តាំងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបវាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ កោតសរសើរ និងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងជាមន្រ្តីនៃនាយកដ្ឋានវិទ្យុទាក់ទង និងមន្រ្តីប្រចាំបញ្ជាទាំងអស់ ដែលខិតខំបំពេញភារកិច្ចបានល្អប្រសើរនាពេលកន្លងមក។ ជាពិសេសឆ្នាំ២០២២នេះ យើងបានបង្ហាញនូវស្នាដៃលេចធ្លោរជាច្រើនក្នុងព្រឹត្តិការណ៍ធំៗនាពេលកន្លងទៅ។
ឯកឧត្តមក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំនាយកដ្ឋានវិទ្យុទាក់ទងនិងមន្រ្តី ពិសេសលោកប្រធាននាយកដ្ឋាន ។ ក្នុងឆ្នាំ២០២៣នេះ ជាឆ្នាំដែលព្រះរាជាណាចក្រកម្ពុជា មានព្រឹត្តិការណ៍សំខាន់ធំៗដូចជា ៖ ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧, ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម, ការរៀបចំពិធីបុណ្យអង្គរសង្រ្កាន ដូច្នេះនាយកដ្ឋានវិទ្យុទាក់ទង ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចស្នូលឱ្យបានម៉ឺងម៉ាត់បំផុត និងបន្តពង្រឹងសមត្ថភាព ក្រមសីលធម៌ និងការទទួលខុសត្រូវរបស់មន្ត្រី នៃមជ្ឈមណ្ឌលប្រចាំបញ្ជា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក៏បានជំរុញលើកទឹកចិត្ត ឲ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនាយកដ្ឋានវិទ្យុទាក់ទង ត្រូវខិតខំរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងសមត្ថភាពក្នុងការដឹកនាំ ពិសេសត្រូវមានបេះដូងក្នុងការដឹកនាំឲ្យពិតប្រាកដ គឺត្រូវធ្វើជាមេដឹកនាំគំរូដល់កូនចៅ មានតម្លាភាព និងមានយុត្តិធម៌។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់លើការងារប្រចាំបញ្ជាថា «ក្នុងនាមយើងជាអ្នកទទួលប្រចាំបញ្ជា ជាមន្រ្តីបម្រើសេវា ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និយាយស្តីឲ្យបានសមរម្យជាមួយមហាជន និងជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឬក៏ជាមួយអ្នកថ្នាក់ទាបជាង»។
ជាថ្មីម្តងទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានកោតសរសើរ និងគាំទ្រអំពីវឌ្ឍនភាពរបស់នាយកដ្ឋានវិទ្យុទាក់ទង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលមានការគាំទ្រពីបងប្អូនក្នុងនាយកដ្ឋាន ទើបសម្រេចបានលទ្ធផលជោគជ័យ។ ឯកឧត្តម សង្ឃឹមថា ការគាំទ្រ និងកិច្ចសហការនេះនឹងបន្តធ្វើឲ្យអង្គភាពទាំងមូលទទួលបានជោគជ័យបន្ថែមទៀត ៕