ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងម៉ូតូ០២គ្រឿង បើកបុកគ្នាល្បឿនលឿនលើផ្លូវបញ្ច្រាសទិសដៅ បណ្តាលអោយ បុរស២នាក់រងរបួសធ្ងន់ ដោយម្នាក់បែកក្បាលហូរឈាម និងបុរសម្នាក់ទៀតបាក់ជើង នៅផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
ប្រភពពីកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូម៉ាកលេត ពណ៌ស ក្រហម ពាក់ស្លាកលេខ តាកែវ 1G-9247 បើកល្បឿនលឿន លើផ្លូវបញ្ច្រាសទិស ពីកើតទៅលិច ដល់ចំណុចកើតហេតុ បានជ្រុលបុកពេញទំហឹងជាមួយភាគីម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-8852 កំពុងជិះពីលិចទៅកើត បណ្តាលឲ្យរងរបួសធ្ងន់សងខាង តែភាគីខាងម៉ូតូហុងដាឌ្រីម បាក់ជើង សន្លប់វង្វេងបាត់ស្មារតី ចំណែកម៉ូតូរងខូចខាត បាក់ដាច់កង់មុខ។
ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ រីឯម៉ូតូទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំភាគីសងខាងចូលខ្លួនស្រាយគ្នានៅពេលក្រោយ៕