រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមក្មេងទំនើងរហ័សនាមក្រុម black boy ដែលជាក្រុមសកម្មខាងបង្កបទល្មើសកា.ប់ចា.ក់ជាច្រើនករណីនោះ ពេលនេះត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌឫស្សីកែវ ស្រាវជ្រាវ និងបង្ក្រាបបានក្រុមក្មេងទំនើងប្រុសស្រីចំនួន១២នាក់នាំទៅកាន់អធិកាដ្ធានខណ្ឌឫស្សីកែវហើយ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលរបស់ក្រុមក្មេងទំនើង ស្ថិតនៅក្នុងភូមិចាក់ជ្រូក ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
បើប្រភពព័ត៌មានសុំលាក់អត្តសញ្ញាណ បានបង្ហើបប្រាប់ឲ្យដឹងថា ក្រុមក្មេងទំនើងទាំងនោះ គឺជាមុខសញ្ញាខ្លាំងខាងកា..ប់ចា..ក់ជាមួយនឹងក្រុមក្មេងទំនើងផ្សេងទៀត ។ ហើយជារឿយៗ ក្រុមក្មេងទំនើងទាំងនោះតែងតែបង្កបទល្មើសកា..ប់ចា..ក់ជាច្រើនករណី នៅក្នុងខណ្ឌឫស្សីកែវ និងតាមបណ្តាខណ្ឌផ្សេងៗ នៅក្នុងភូមិសាស្ត្ររាជធានី ។ ក្រុមក្មេងទំនើងទាំងនេះ តែងតែប្រព្រឹត្តបទល្មើសដូចជា កា..ប់ជនរងគ្រោះបណ្តាលឲ្យរងរបួសដេរជាច្រើនថ្នេរ កា..ប់បំផ្លាញម៉ូតូជនរងគ្រោះ និងកា..ប់យកស្លាកលេខម៉ូតូជនរងគ្រោះ ហើយយកមកថតដាក់ tik.tok បង្ហោះឌឺដងជនរងជាដើម ។
ប្រភពដដែលបន្តថា នៅយប់កើតហេតុនេះ ក្រុមក្មេងទំនើងទាំងនោះ បានធ្វើសកម្មភាពដេញកា.ប់ទៅលើយុវជនមួយក្រុមមិនស្គាល់អត្តសញ្ញាណនៅចំណុចសួនច្បារវត្តបទុមវតី តែមិនបង្កឲ្យនរណាម្នាក់រងរងរបួសឡើយ ហើយគ្រានោះជនរងគ្រោះភ័យស្លន់ស្លោក៏រត់យកប្រាស់អាយុតែម្តង ចំណែកក្រុមជនបង្កក៏បានកា.ប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីម បណ្តាលឲ្យខូចខាតអស់ចំនួនមួយគ្រឿង និងបន្ដដេញកា.ប់ជនរងគ្រោះម្នាក់ទៀតដល់សង្កាត់ផ្សារកណ្តាល ធ្វើអោយជនរងគ្រោះភ័យស្លន់ស្លោក៏ផ្តួលម៉ូតូចោលរួចរត់គេចខ្លួន ហើយក៏ត្រូវក្រុមក្មេងទំនើងទាំងនោះព្រួតគ្នាកា..ប់យកស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ហើយគេចខ្លួនបាត់ស្រមោលទាំងអស់តែម្តង។
ប្រភពដដែលបានបន្តទៀតថា លុះពេលដល់ម៉ោងកើតហេតុ កម្លាំងអន្តរាគមន៍ពិសេសខណ្ឌឫស្សីកែវ បានល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ក៏ប្រទះឃើញបក្សពួកក្រុមមក្មេងទំនើងទាំងនោះ ដែលជាមុខសញ្ញាសមត្ថកិច្ចកំពុងតាមរក និងមានពាក្យបណ្ដឹងជាច្រើនផងនោះ សមត្ថកិច្ចក៏ធ្វើការប្រដេញតាមឃាត់ខ្លួនតែម្តង ស្រាប់តែក្រុមក្មេងទំនើងទាំងនោះបានបន្ថែមល្បឿនបើករត់គេចខ្លួនយ៉ាងលឿនទៅសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិចាក់ជ្រូក ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ។ ចំណែកសមត្ថកិច្ចក៏បានបន្ថែមល្បឿនបើកម៉ូតូប្រដេញតាម រហូតដល់បន្ទប់ជួលរបស់ក្រុមក្មេងទំនើង រួចក៏ធ្វើការបង្ក្រាបជាក់ស្ដែង បានក្រុមក្មេងទំនើងប្រុសស្រីចំនួន១២នាក់ ក្នុងនោះមានស្រី៣នាក់ និងដកហូតបានកាំបិតប៉័ងតោចំនួន០២ដើម,.. ដាវកែច្នៃ០១ដើម ព្រមទាំងម៉ូតូចំនួន០៣គ្រឿង (ម៉ាកស៊ុយសុគីនិចចំនួន០២គ្រឿង និងម៉ាកហុងដាឌ្រីមសង់ចំនួន០១គ្រឿង) ។
បច្ចុប្បន្ន ក្រុមក្មេងទំនើង រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតបញ្ជូនទៅកាន់អធិកាដ្ធានខណ្ឌឫស្សីកែវ ដើម្បីសាកសួរនាំ និងចាត់ការបន្តតាមនីតិវិធី ៕