
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងស្តុបខៀវត្រូវរថយន្តស៊េរីទំនើបមួយគ្រឿង បើកមិនគោរពភ្លើងស្តុបក៏ជ្រុលទៅបុកពេញទំហឹងខ្ទាតជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ។
សពជនរងគ្រោះដែលស្លាប់មានឈ្មោះឆាត ភឿយ អាយុ ២៣ឆ្នាំ មុខរបរអ្នកលក់ដូរនៅផ្សារអូឡាំពិក រស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថា គេឃើញ បុរសជនរងគ្រោះខាងលើជិះម៉ូតូម៉ាក MSXពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1GK-6053 មួយគ្រឿង ជិះផ្លូវ៣១៥ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម លុះមកដល់កន្លែងកើតហេតុ ជនរងគ្រឿបានបើកឆ្លងស្តុប ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកបើកបរយ៉ាងលឿនតាមបណ្តោយផ្លូវ៥៩២ ក្នុងទិសដៅពីត្បូងទៅជើងទាំងបំពានស្តុប ហើយបុកចំពីមុខម៉ូតូពេញទំហឹង ប៉ើងជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កឃើញស្ថានភាពមិនស្រួលបន្តល្បឿនរត់គេចខ្លួនបាត់ស្រមោល។