បាងកក៖ កងកម្លាំងប៉ូលិសថៃបានចូលរួមជាមួយកងកម្លាំងអាម៉េរិកដើម្បីបង្ក្រាបបណ្តាញផលិតដុល្លារក្លែងក្លាយដ៏ធំមួយដោយរឹបអូសបានម៉ាស៊ីនបោះពុម្ពនិងក្រដាសប្រាក់ដុល្លារក្លែងក្លាយស៊េរី១០០ដុល្លារ ជាច្រើនពាន់សន្លឹកកាលពីខែកញ្ញា។
ឧត្តមសេនីយ៍ប៉ូលិសលោក ណាផានវុធ លៀមសាងហ្គួន មេបញ្ជាការប៉ូលិសស៊ើបអង្កេតខេត្តប្រចាំភូមិភាគទី៨ បានប្រាប់សារព័ត៌មានបាងកកប៉ុស្តិ៍កាលពីថ្ងៃអាទិត្យទី២៨វិច្ឆិកាថា វាជាការបង្ក្រាបក្រុមផលិតដុល្លារក្លែងក្លាយធំបំផុតចាប់តាំងពីឆ្នាំ២០២១។
ក្រដាសប្រាក់ដែលរឹបអូសបាន ភាគច្រើនបោះពុម្ពជាស៊េរីក្រដាសប្រាក់១០០ដុល្លារស៊េរីឆ្នាំ2006 និង 2006A។ក្នុងប្រតិបត្តិការប៉ូលិសចាប់បានអ្នកចាយលុយក្លែងក្លាយ អ្នកសហការ អ្នកធ្វើការនៅកន្លែងបោះពុម្ពលុយ។
ប៉ូលិសក៏បានរឹងអូសម៉ាស៊ីនបោះពុម្ពលុយគុណភាពខ្ពស់ជាច្រើន។
ក្នុងប្រតិបត្តិការបង្ក្រាបកាលពីខែកញ្ញា ប៉ូលិសថៃបានសហការជាមួយCIAអាម៉េរិកប្រចាំនៅក្រុងបាងកកក្រោយពីទីភ្នាក់ងារជាច្រើនបានរាយការណ៍អំពីចរាចរណ៍ប្រាក់ដុល្លារក្លែងក្លាយកាន់តែច្រើននៅថៃ។
ការបង្ក្រាបនេះធ្វើឡើងក្រោយពីប្រភពព័ត៌មានមួយបាននិយាយថា ការក្លែងក្រដាសប្រាក់ដុល្លារកើតមាននៅអាស៊ីអាគ្នេយ៍ ហើយព័ត៌មានសម្ងាត់មួយនាំដល់ការឆ្មក់ចូលបង្ក្រាបនិងចាប់បានមនុស្ស៨នាក់និងម៉ាស៊ីនបោះពុម្ពជាច្រើនរួមជាមួយប្រាក់រាប់លាន។
បើតាមលោក ណាផានវុធ លៀមសាងហ្គួន ការឆ្មក់បង្ក្រាបនេះកើតឡើងនៅក្រុងបាងកក ខេត្តនគរ ផាធូមនិងខេត្តផេតចាប៊ូរី ដោយរឹបអូសបានប្រាក់ដុល្លារក្រដាស់១០០ចំនួន៣៦.០០០សន្លឹកស្មើនឹង៣,៦លានដុល្លារ។ដុល្លារក្លែងក្លាយជាង១លានដុល្លារទៀតត្រូវបានបោះពុម្ពនិងបញ្ជូនទៅធ្វើចរាចរណ៍រួចហើយ។
មន្ត្រីប៉ូលិសថៃ បាននិយាយថា សេវាសម្ងាត់អាម៉េរិកក៏បានបញ្ជូនបុគ្គលិកមកចូលរួមការពិនិត្យករណីនេះ និងថាក្រដាសប្រាក់ដែលរឹបអូសបាន ៩៥-៩៧ភាគរយដូចក្រដាស់ដុល្លារពិត ដែលនាំអោយពួកអ្នកជំនាញមានការភ្ញាក់ផ្អើល៕