
ភ្នំពេញ ៖ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដែលបណ្ដាលឲ្យយុវជនម្នាក់ស្លា.ប់ យ៉ាងអណោចអាធម្មដោយគផបជាប់ក្រោមកង់រថយន្តកិនអូសជាច្រើនម៉ែត្រ និងម្នាក់ទៀតរងរបួសធ្ងន់។ ស្ថិតនៅក្បែរស្ពានព្រែកជ្រៃ តាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន ពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JD-5513 ឌុបគ្នា ក្នុងទិសដៅពីខាងត្បូង មកខាងជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក HINO ប្រភេទវ៉េអងសណ្ដោងកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 3-3214 បានធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿន រួចក៏បានបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូដួល រីឯមនុស្សម្នាក់ ខ្ទាតចូលក្រោមរថយន្ត កិនអូសជាង ១០ ម៉ែត្រ ស្លា.ប់ភ្លាមៗ នៅនឹងកន្លែងតែម្តង រីឯអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ជនរងគ្រោះដែលបានស្លា.ប់ មានឈ្មោះ ឡៅ ជុំនោ ភេទប្រុស អាយុ១៨ ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្ត ស្នាក់នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ (ជាអ្នកបើកម៉ូតូ) និងជនរងគ្រោះ ដែលរងរបួសធ្ងន់មានឈ្មោះ សៀង ឡុង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរព្រូរថយន្ត មានស្រុកកំណើត នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ចំពោះអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ មានឈ្មោះ ដុក រ៉ាទិ ភេទប្រុស អាយុ ២២ឆ្នាំមុខរបរបើករថយន្ត ស្នាក់នៅភូមិចំបក់ ឃុំពោធិមរា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ ខណ្ឌដង្កោ និងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ វាស់វែងយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕