
ភ្នំពេញ ៖ ម៉ូតូធំមួយគ្រឿងបើកក្នុងល្បឿនលឿន បានជ្រុលទៅបុកសត្វក្របី៣ក្បាលដែលដើរឆ្លងផ្លូវ បណ្តាលឲ្យមនុស្ស០២នាក់រងរបួសធ្ងន់ និងក្របីមួយក្បាលបានងាប់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង៥ៈ៣០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរស០២នាក់ជិះម៉ូតូធំពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JD-3720 មួយគ្រឿង បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន លុះពេលមកដល់កន្លែងកើតហេតុ ជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកសត្វក្របី៣ក្បាលដែលកំពុងដើរឆ្លងផ្លូវពីលិចទៅកើត ហើយម៉ូតូអូសជាង១០០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ទាំង០២នាក់ និងសត្វក្របីមួយក្បាលងាប់ភ្លាមៗ ឯមួយក្បាលទៀតបាក់ជើង ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានរថយន្តគ្លីនិកឯកជន ណាត្រា មានជ័យដឹកយកទៅ ចំណែកម្នាក់ទៀតរថយន្តគ្លីនិកស័ង្គម៉ារីដឹកយកទៅ ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ ឯក្របីមួយក្បាលបាក់ជើង និងមួយក្បាលទៀត ប្រគល់ឲ្យអាជ្ញាធរ ចាត់វិធានការ ចាប់យកទៅរក្សាទុកនៅសង្កាត់ ដើម្បីស្រាវជ្រាវស្វែងរកម្ចាស់ មកដោះស្រាយតាមផ្លូវច្បាប់ ៕