
ភ្នំពេញ ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ៖ ០៥ ធ្នូ ២០២២ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសដ៏សែនមនោរម្យ និងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ ។
ចំណែកបេក្ខជនដែលបានចេញពីការប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថាដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕
យើងងាកមកមើលចំណាប់អារម្មណ៍របស់មហាជនទូទាំងប្រទេសដែលមានការកោតសរសើរជាខ្លាំង ចំពោះយុវជនម្នាក់វ័យទើបតែ ១៣ ឆ្នាំតែប៉ុណ្ណោះ បានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បញ្ចប់ដោយរលូនប្រកបដោយទឹកមុខសប្បាយរីករាយយ៉ាងក្រែងលែង។
សូមបញ្ជាក់ថាយុវជនដែលមានវ័យទើបតែ ១៣ ឆ្នាំមានឈ្មោះថា ហុឺ ទៀងគីមហុង ជាក្មេងប្រុសម្នាក់ដែលឆ្លាត និងរៀនពូកែព្រមទាំងទទួលបានអាហារូបករណ៍សិក្សានៅសាលាប៊ែលធីរាជធានីភ្នំពេញ។ មិនត្រឹមតែមហាជនមានការកោតសរសើរចំពោះយុវជន ហុឺ ទៀងគឹមហុង នោះទេសូម្បីតែឯកឧត្តម ដួង តារា ក៏បានកោតសរសើរមិនដាច់ពីមាត់ចំពោះការខិតខំប្រឹងរបស់ប្អូនប្រុសផងដែរ នេះបើយោងតាមការបង្ហោះចេញពីផេកផ្លូវការ របស់ឯកឧត្តម ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុង របស់ឯកឧត្តម ដួង តារា ÷
ពូពិតជាសប្បាយរីករាយនិងសូមអបអរសាទរក្មួយ ហ៊ឺ ទៀងគីមហុង ដែលបានខិតខំរៀនសូត្ររហូតឈានដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី០៥ ធ្នូ ២០២២ ដែលទើបបានបញ្ចប់នៅថ្ងៃទី ០៦ ធ្នូ នេះ។ ផ្អែកលើសមត្ថភាពដ៏ពិសេសនេះ ពូសង្ឃឹមថាក្មួយនឹងប្រឡងជាប់ជាក់ជាមិខាន ។
ខ្ញុំសូមអរគុណ ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប (Beltei) និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ដែលបានផ្តល់អាហារូបករណ៍ដល់ក្មួយអោយទទួលបានការសិក្សានៅសាលាប៊ែលធីអន្តរជាតិរហូតមកទល់ពេលនេះ និងសូមអរគុណលោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់អប់រំបង្ហាត់បង្រៀនក្មួយហុងអោយក្លាយជាកូនសិស្សល្អប្រកបដោយសមត្ថភាពខ្ពស់។
ខ្ញុំបាទសូមគោរពអរគុណ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានទំនុកបម្រុងឧបត្ថម្ភជម្រកស្នាក់នៅព្រមទាំងថវិកាឧបត្ថម្ភដល់ការសិក្សារបស់ក្មួយ គីមហុង និងក្រុមគ្រួសារនៅក្នុងរាជធានីភ្នំពេញ។
ពូមានជំនឿនិងសង្ឃឹមយ៉ាងមុតមាំលើសមត្ថភាពក្មួយ គីមហុង និងសូមជូនពរក្មួយឲ្យប្រឡងបានជាប់បាក់ឌុបជាស្ថាពរ។
យើងចូលរួមកសាងអំពើល្អដោយចិត្តជ្រះថ្លា!