
ភ្នំពេញ ៖ មនុស្ស០២នាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដដឹកខ្សាច់បែកកង ហើយរេចង្កូតទៅបុករថយន្ដកូរ៉េដឹកទឹកកកចំពីមុខ។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង ៤ៈ២០ទាបទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា គេឃើញរថយន្តកូរ៉េដឹកទឹកកកពណ៌ស មានស្លាក់លេខភ្នំពេញ 3B-2714មួយគ្រឿង បើកដោយបុរសម្នាក់ និងព្រូម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Hyundai ដឹកខ្សាច់មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ 3F-1926បើកបរដោយបុរសម្នាក់បើកបរបញ្រ្ចាស់ទិសគ្នាក្នុងល្បឿនលឿនហើយក៏បែកកង់ខាងមុខ រេចង្កូតជ្រុលទៅបុករថយន្តកូរ៉េមកពីមុខ ពេញទំហឹងបណ្តាលឲ្យរថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារជើង រថយន្តកូរ៉េវិញខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដោយឡែកតៃកុងរថយន្តទាំងពីររងរបួសធ្ងន់ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅជំនាញចរាចរណ៍ក្រុង មកបីធ្វើការវាស់វែងនិងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕