
ព្រះសីហនុ ៖ ស្ត្រីម្នាក់ត្រូវបានស្លា.ប់ ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកុងតឺន័របើកបុកពីក្រោយម៉ូតូហុងសាឌ្រីម ក្នុងដំណើរស្របទិស។
ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើង កាលពីវេលាម៉ោង ៧ៈ១០ នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២១០-២១១ ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅកន្លែង ឈ្មោះ ញ៉ែត ស្រីល័ក្ខ ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកបើកបរម៉ូតូ ចំណែកអ្នករួមដំណើរជាមួយ ឈ្មោះ យឿង កុមាពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសស្រាល ។ ជនរងគ្រោះទាំង០២នាក់ មានទីលំនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ រថយន្តបង្កម៉ាកហុីណូ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A-2780 អូសសណ្តោងទូកុងតឺន័រ បើកពីលិចទៅកើត (ព្រះសីហនុ-ភ្នំពេញ) ដល់ចំណុចកើតហេតុ គេចពីរថយន្តខាងមុខ ជ្រុលបុកពីក្រោយ ម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-5507 បណ្តាលឲ្យកល់ជាប់ពីក្រោម ស្លាប់ស្ត្រីម្នាក់ របួសស្រាលបុរសម្នាក់ អ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កសាងសំណុំរឿងតាមនីតិវិធី ៕