
ភ្នំពេញ ៖ ជនសង្ស័យចំនួន០៣នាក់ ដែលជាមុខសញ្ញាវាយប្លន់ លួច ម៉ូតូ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវតាមចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង ៣ៈ៣០ នាទីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដែលការបង្រាប់ខាងលើស្ថិតនៅកន្លែងផ្សេងគ្នា ទី១ស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ទី២ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ និងទី៣នៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីធ្វើសកម្មភាព វាយ ភ្ជង់ គម្រាម ប្លន់យកម៉ូតូស្កុបពីមួយគ្រឿង បានសម្រេចកាលពីវេលាម៉ោង ៩ៈ២៥ នាទីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ខាងរួមមាន ៖
ទី១ ឈ្មោះ ផាន ភក្តី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ទី២ ឈ្មោះ នៅ សុីថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ទី៣ ឈ្មោះ ប៉ែន ចិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យ ដល់ក្នុងភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពៅ វិយុ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ហើយក្រោយសាកសួរ ជនសង្ស័យពាក់ព័ន្ធតែគ្រឿងញៀនទេ ពុំមានពាក់ព័ន្ធបទល្មើស លួច ឆក់ ប្លន់ ជាមួយជនសង្ស័យ៣នាក់ខាងលើនោះឡើយ ។
បើតាមសមត្ថកិច្ច កាលពីវេលាម៉ោង ៩ៈ២៥ នាទីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ក្រុមជនសង្ស័យខាងលើ ប្រដាប់ដោយដាវ កាំភ្លើងកែច្នៃ បានធ្វើសកម្មភាពវាយ ភ្ជង់ គម្រាម ប្លន់យកម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IC-1594 ពីយុវជនរងគ្រោះឈ្មោះ សាត បូរី អាយុ១៩ឆ្នាំ មុខរបរសិស្ស សាលា ដែលមានទៅលំនៅ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានសម្រេចហើយ ជនសង្ស័យនាំគ្នាគេចខ្លួនបាត់អស់ នៅចំណុចផ្លូវបេតុង ក្បែរផ្ទះជនរងគ្រោះ ។
ប្រភពដដែលបានបន្តទៀតថា ក្រោយទទួលបាន ពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាល ខណ្ឌពោធិសែនជ័យ រួមជាមួយកម្លាំងបណ្តាប៉ុស្តិ៍ ចុះស្រាវជ្រាវ រហូតដល់វេលាម៉ោង៣និង៣០នាទីថ្ងៃដដែល ឈានដល់ឃាត់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធ បទល្មើសលួច ប្លន់ បាន២នាក់ និងម្នាក់ទៀតពាក់ព័ន្ធគ្រឿងញៀន ។ កម្លាំងសមត្ថកិច្ខ ដកហូតបានម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ជារបស់ជនរងគ្រោះ តែប្តូរ ដាក់ស្លាកលេខ បន្ទាយមានជ័យ 1O-1040 , កាំភ្លើងច្នៃ១ដើម ,ដាវ២ , កាំបិតបុ័ងតោ១ , ឧបករណ៍សម្រាប់កាច់សោមួយចំនួន ។
បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបាន០៣នាក់ រួមជាមួយវត្ថុតាងសមត្ថកិច្ចបាននាំយកទៅផ្នែកជំនាញព្រហ្មទណ្ឌ ចំណែកជនសង្ស័យម្នាក់ទៀតបានប្រគល់ជូនសមត្ថកិច្ចខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការកាមនីតិធី ៕