
ភ្នំពេញ ៖ មនុស្សចំនួន០៣នាក់រងរបួសធ្ងន់និងស្រាល រួមមានបុរស០២នាក់រងរបួសធ្ងន់ សន្លប់បាត់ស្មារតី និងស្ត្រីម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះឆ្លងផ្លូវ ត្រូវបានម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតបើកលឿនបុកពីក្រោយ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ៧ៈ៤៥ នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពេះពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1IP-2458 ជិះដោយបុរសម្នាក់ឈ្មោះ សាន សោភា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានជិះឆ្លងផ្លូវពីជើងទៅត្បូង ជិតផុតទៅហើយ ស្រាប់តែភាគី ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ព្រៃវែង 1K-2912 ជិះដោយឈ្មោះ សន ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រួមដំណើរជាមួយប្រពន្ធ ផងដែរ ដែលស្នាក់នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឯខេត្តព្រៃវែង ជិះលឿនពីកើតទៅលិច ជ្រុលបុកពីក្រោយ បណ្តាលឲ្យដួល រងរបួសធ្ងន់០២នាក់សន្លប់បាត់ស្មារតី ស្ត្រីម្នាក់របួសស្រាល ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង០៣នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូទាំង០២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕