
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដមួយគ្រឿង ឡើងតាមស្ពាន ទីទួល បានហោះទៅបុកនិងម៉ូតូមួយគ្រឿងទៀតដែលបើកដោយនារីម្នាក់ច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ ។
ករណីគ្រោះថ្នាក់ខាងលើកើតឡើងកាលពី វេលាម៉ោង៤ៈ៥០នាទីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរសម្នាក់បើកបររថយន្តម៉ាកTACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-2213មួយគ្រឿង តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ល្បឿនលឿន លុះមកដល់ត្រងស្ពានឆ្លងអូរតាគុជ ដោយរថយន្ដបើកលឿនពេល ទើបធ្វើឲ្យរថយន្តហោះជាង៥០ម៉ែត្រ ទៅបុកនិងនារីម្នាក់បើកម៉ូតូម៉ាកហុងដាBeat ពណ៌ស ខៀវ ពាក់ស្លាកលេខ កំពង់ចាម 1U-7114 ក្នុងទិសដៅច្រាសទិសគ្នា ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏បន្តទៅមុខបានចម្ងាយជាង១០០ម៉ែត្រ ហើយរេចង្កូតវិលធ្លាក់ចូលប្រឡាយទឹក ។ហេតុការណ៍ខាងលើបានបណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់ធ្ងរ ។
បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តត្រូវបានពលរដ្ឋឃាត់ខ្លួនបាន រួចប្រគល់ជូនសមត្ថកិច្ច ចំណែករថយន្តនិងម៉ូតូបានប្រគល់ជូន ការិយាល័យចរាចរជើងគោកស្នងការក្រុងភ្នំពេញ និងវាស់វែងយកទៅរក្សាទុក រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕