
ភ្នំពេញ៖ រថយន្ដមួយគ្រឿងបើកបរបញ្ជ្រាសទិសគ្នាទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹងពេញទំហឹង ហើយឡានមិនទាន់អស់ល្បឿនបានបន្ដទៅបុកគំនរលូ និងសម្ភារៈសំណង់រួចទៅកៀបជាប់នឹងផ្ទាំងផ្សព្វផ្សាយទើបឈប់។
ហេតុការណ៍ខាងលើបានកើតឡើងកាលពី វេលាម៉ោង ៣ៈ១០ នាទីទៀបភ្លឺឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតក្នុងសង្កាត់កាកាប២ ពីខណ្ឌពោធិ៍សែនជ័ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ជិះម៉ូតូម៉ាក pcx ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1DH-5282 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុត្រង់ខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ស្រាប់តែមានថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ ស្លាកលេខភ្នំពេញ 2AF8597បើកបរដោយបុរស់ម្នាក់បើកបរទិសដៅបញ្ច្រាសគ្នា មកបុកចំពេញទំហឹង បណ្ដាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ។ចំណែកឯរថយន្តបង្ក មិនបានឈប់នៅដោះស្រាយជាមួយជនរងគ្រោះនោះទេ ដោយព្យាយាមបើករថយន្ដរត់គេច រហូតដល់ផ្លូវ 105K ក៏ទៅបុកចូលផ្ទះប្រជាពលរដ្ឋ ហើយរថយន្ដក៏បន្តទៅបុកសសរសំយ៉ាបផ្ទះប្រជាពលរដ្ឋដាច់អស់មួយដើមទៀត ថយន្តបង្កហេតុនៅតែមិនទាន់អស់ល្បឿន ក៏នៅតែបន្តទៅបុកគំនរលូ និងសម្ភារៈសំណង់ដែល ដែលនៅជិតនោះ រហូតដល់ទៅបុកស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មបាក់រលំទ្រេតទៀត ទើបរថយន្ដទៅមុខលែងរួច។ ឯអ្នកបើកបរមិនមានរងរបួសនោះទេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនរគបាលសង្កាត់កាកាប២។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញបាន ចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងហើយស្ទូចរថយន្តបង្កនិងម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕