ភ្នំពេញ៖ ស្រ្តីបរទេសរូបស្រស់ម្នាក់បេីករថយន្តស៊េរ៊ីទំនេីប Mercedes MayBach S450 ស្លាកលេខកម្ពុជា YC.6666 បេីកបោះពួយក្នុងល្បឿនលឿន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ នាម៉ោង០៤:១០នាទីជិតភ្លឺ ឈានចូលថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅស្តុបសម្ដេចប៉ាន ផ្លូវព្រះមុនីវង្ស កែងផ្លូវភ្លោះអូរឬស្សី ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedes Maybach S450 ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា YC.6666 បើកបរដោយស្ត្រីបរទេសរូបស្រស់សោភាម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកចំរបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរបាំងថ្មមួយផ្ទាំងខ្ទាតទៅកណ្ដាលផ្លូវ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាពទើបមិនបណ្ដាលឲ្យអ្នកបើកបររងរបួសអ្វីឡេីយ ភ្លាមៗនារីបរទេសរូបស្រស់ដែលជាអ្នកបេីកបររថយន្ត បានទូរស័ព្ទហៅមិត្តភ័ក្តបើករថយន្តមួយគ្រឿងទៀតមកនាំនាងចេញពីកន្លែងកើតហេតុបាត់ទៅ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍តាមជំនាញផងដែរ។
បច្ចុប្បន្នក្រោយពីកើតហេតុរថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មហាជនបានដាក់ចម្ងល់ថា ហេតុអ្វីសមត្ថកិច្ចចរាចរណ៍មិនធ្វើការឃាត់ខ្លួននិងវាស់ជាតិអាល់កុលរបស់ស្ត្រីម្នាក់នោះ មុនត្រូវបានគេមករំដោះចេញពីកន្លែងកើតហេតុ ឬមួយគ្រាន់ឃើញរថយន្តស៊េរ៊ីទំនេីប Mercedes MayBach S450 ស្លាកលេខកម្ពុជា YC.6666 ខ្លាចរហូតភ្លេចអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទៅហើយ?