
ព្រៃវែង ៖ រសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នេះលោក សក ឡី អនុប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុកស្វាយអន្ទរ ព្រមទាំងក្រុមការងារ បាននាំយកថវិកាប្រចាំខែវិច្ឆិកា របស់ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មេងកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅក្នុងភូមិឫស្សីធ្លក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សម្រាប់ចូលរួមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។
ដោយក្តីអាណិតជាពន់ពេកចំពោះក្មួយកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូននេះ ឯកឧត្តម ស សុខា និងលោកជំទាវ បានសម្រេចឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ក្នុង ១ខែ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ រហូតមក និងបន្តជារៀងរាល់ខែ ។
សម្រាប់ខែវិច្ឆិកានេះ គឺជាខែទី២៤ ហើយ ដែលក្រុមការងារ បាននាំយកថវិកាប្រចាំខែរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មេងកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន ។
ក្មេងកំព្រាទាំងពីរនាក់បងប្អូនខាងលើ ត្រូវបានឪពុកម្តាយស្លាប់ចោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយឧបទ្ទវហេតុឆក់ខ្សែភ្លើង ដែលកូនស្រីច្បង អាយុ ៥ឆ្នាំ និងកូនប្រុសប្អូន អាយុ ៣ខែ ។ បច្ចុប្បន្នក្មួយកំព្រាទាំងពីររស់នៅជាមួយជីតាសាច់ឆ្ងាយក្នុងភូមិឃុំខាងលើ៕