ស្វាយរៀង ៖ កូនសិស្សថ្នាក់ទី១០ នៃវិទ្យាល័យពោធិ៍ធំម្នាក់មានអាយុទើបតែ១៧ឆ្នាំប៉ុណ្ណោះ បានឆក់ខ្សែភ្លើងស្លាប់ ដោយសារដើរជាន់ដុំព្រីភ្លើងដែលដាក់ចោលនៅរោងលាងរថយន្ត ។បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ រួចបានដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ក៏ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា នាងបានស្លា.ប់បាត់ទៅហើយ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង៥ៈ០០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅរោងលាងរថយន្ត ស្ថិតនៅភូមិព្រែកទប់ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពដដែលបន្តថា ក្រោយពីសាលារៀនបានវ៉ាកងតូច នារីរងគ្រោះបានមករស់នៅកន្លែងលាងរថយន្តជាមួយឳពុកម្តាយនៅភូមិកើតហេតុខាងលើ ហើយមុនពេលកើតហេតុ នាងបានក្រោកពីដំណេក ក្នុងគោលបំណងទៅដាំបបរឲ្យម្តាយលក់នៅខាងមុខរោងលាងរថយន្តនោះ ដោយកន្លែងដែលនារីរងគ្រោះសម្រាក់នោះ គឺជារោងលាងរថយន្ត ហើយក៏មានលាងរថយន្តផងដែរដែលជាហេតុុធ្វើឲ្យនៅទីនោះមានទឹកសើមៗ លុះពេលនាងចុះដើរចេញទៅក៏បានជាន់ចំដុំព្រីភ្លើងដែលដាក់នៅលើសាប និងមានទឹកសើមនោះ ក៏បណ្តាលឱ្យនាងឆក់ជាប់ជើង ហើយដួលសន្លប់នៅនឹងកន្លែងតែម្តង។
នៅភ្លាមៗនោះ ឪពុករបស់នាងបានរត់ទៅបិទបារ៉ែតភ្លើង ហើយក៏ស្រែកឲ្យគេជួយ រួចដឹកបញ្ជូននារីរងគ្រោះទៅមណ្ឌលសុខភាពចំបក់ តែអ្វីៗបានហួសពេលទៅហើយ ដោយគ្រូពេទ្យប្រាប់ថា នាងបានស្លាប់បាតទៅហើយ។
ក្រោយពីសមត្ថកិច្ចបានពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច ក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះឯភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ហើយសមត្ថកិច្ចក៏បាបសន្និដ្ឋានថា មូលហេតុគឺនារីរងគ្រោះដើរមិនប្រយ័ត្ន ហើយជាន់ព្រីភ្លើងបណ្ដាលឱ្យឆក់ស្លាប់ ៕