
ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ការចុះបញ្ជី “គុនល្បុក្កតោ” កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យថ្មីមួយទៀត ក្នុងចំណោមជោគជ័យជាច្រើនរបស់កម្ពុជា ។ នេះបើយោងតាមផេកផ្លូវការរបស់ឯកឧត្តម ដែលបានបង្ហោះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្តម ស សុខា ដែលបានបង្ហោះក្នុងផេកផ្លូវការរបស់ខ្លួន ៖
[អបអរសាទរ “គុនល្បុក្កតោ” កម្ពុជា ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក នៃមនុស្សជាតិ
ក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមសម្តែងនូវអំណរសាទរប្រកបដោយមោទកភាពចំពោះកម្ពុជា ដែលជាបន្តបន្ទាប់ទទួលបានការចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។
ភាពអស្ចារ្យថ្មីមួយទៀតរបស់កម្ពុជាយើង គឺកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំលើកទី១៧ របស់អង្គការយូណេស្កូ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក បានសម្រេចចុះបញ្ជី “គុនល្បុក្កតោ” កម្ពុជា ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក នៃមនុស្សជាតិ។
ការចុះបញ្ជី “គុនល្បុក្កតោ” ក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក នៃមនុស្សជាតិនេះ គឺជាកិត្តិយស និងភាពជោគជ័យដ៏អស្ចារ្យថ្មីមួយទៀត នៅក្នុងចំណោមជោគជ័យ ជាច្រើនរបស់កម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់នៃសន្តិភាព។
បេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីរបស់កម្ពុជា ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ គឺជាអត្តសញ្ញាណ និងជាព្រលឹងជាតិ ដែលបាននិងកំពុងលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជាយើង ឲ្យល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ ពិសេសក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិផងដែរ។
ជាថ្មីម្តងទៀត ក្នុងនាមជាយុវជនខ្មែរជំនាន់ក្រោយមួយរូប ប្តេជ្ញាចូលរួមថែរក្សា ការពារ អភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជាឲ្យបានគង់វង្ស និងបន្តផ្សព្វផ្សាយលើឆាកជាតិ និងអន្តរជាតិ ឲ្យកាន់តែទូលំទូលាយ ល្បីល្បាញថែមទៀត ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនទាំងមូល]។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ បេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីរបស់កម្ពុជា ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក មានចំនួន ១១ ហើយ រួមមាន ៖ ប្រាសាទអង្គរវត្ត, ប្រាសាទព្រះវិហារ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ប្រាសាទសំបូរព្រៃគុក, របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, រឿងរាមកេរ្តិ៍តាគ្រុឌ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ល្ខោនខោល និងគុនល្បុក្កតោ៕