
កំពង់ចាម ៖ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន និងលោកជំទាវ សំណេះសំណាល និងផ្តល់អំណោយ របស់រដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ និងប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅស្រុកកោះសូទិនចំនួន៤០០គ្រួសារ ក្នុងស្រុកកោះសូទិន ។
ថ្លែងក្នុង ពិធីសំណេះសំណាល និងផ្តល់អំណោយ របស់រដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ និងប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅស្រុកកោះសូទិន នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន បានមានប្រសាសន៍ផងដែរថា មួយរយៈកន្លងមកនេះ គ្រោះធម្មជាតិបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើងយ៉ាងច្រើន ។
ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា មួយរយៈកន្លងទៅនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញចែកស្បៀងអាហារដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ជាពិសេសប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប ដែលរងគ្រោះដោយសារទឹកជំនន់។ ទន្ទឹមនឹងនេះ នៅក្នុងខេត្តកំពង់ចាម សម្ដេចតេជោបានផ្ដល់អំណោយជាស្រូវពូជរាប់រយតោន និងអង្កររាប់រយតោនផងដែរ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីដោះស្រាយជីវភាព និងផ្ដល់ស្រូវពូជដើម្បីធ្វើការដាំដុះស្ដារជីវភាពឡើងវិញផងដែរ ៕