ករណីអគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅជាន់ទី៣ ក្បែផ្លូវភ្លោះសួនព្រែកមហាទេព ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងកើតហេតុបាននិយាយថា មុនដំបូងគឺដោយសារពួកគាត់ដេកមិនលក់ ក៏បានដើរចេញមកខាងក្រៅផ្ទះ ក៏បានឮសម្លេងផ្ទុះរប៉េះរប៉ោះនៅខាងលើ ពេលដែលពួកគាត់សម្លឹងមើលទៅស្រាប់តែឃើញមានផ្សែងហុយ និងមានអណ្តាតភ្លើងតិចៗទៅហើយនៅជាន់ខាងលើ ទើបពួកគាត់នាំគ្នាទៅស្រែកហៅ និងគោះទ្វារម្ចាស់ផ្ទះដើម្បីអោយងើបឡើង ទើបមានការឆោរឡោឡើង និងហៅសមត្ថកិច្ចអគ្គីភ័យតែម្តង។
នៅពេលនោះម្ចាស់ផ្ទះបានរត់ឡើងទៅជាន់ទី២ ដើម្បីដាស់កូនចៅអោយរត់ចេញក្រៅផ្ទះ ដែលនេះជាសំណាងណាស់ បានអ្នកជិតខាងឃើញទាន់ កុំអីមិនដឹងទៅជាយ៉ាងណានោះទេ ព្រោះជាពេលដែលម្នាក់ៗកំពុងលង់ក្នុងដំណេកផង។
ក្រោយពីបានទប់ស្កាត់ ក្នុងការជួយពន្លត់រួចមក ម្ចាស់ផ្ទះបានសារភាពថា មូលហេតុគឺដោយសារតែគាត់បានដុតធូបមូសទុកចោល និងភ្លេចពន្លត់ ទើបធ្វើអោយឆេះទៅលើសៀវភៅ និងឆេះបន្តដល់ពូកខ្នើយ ព្រមទាំងសម្ភារ:ជាច្រើនទៀត ដែលនេះគឺជាការធ្វេសប្រហែសរបស់គាត់ដែលជាម្ចាស់ផ្ទះ៕