
កំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ទទួលរងវិប្បដិសេរីអស់មួយជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈដែលរូបគាត់កំពុងជិះម៉ូតូទៅផ្សារ ត្រូវបានរថយន្តឃ្លុបរបស់ក្រុមហ៊ុនដឹកជញ្ជូន បើកកៀរហើយកិន ពីក្រោយ បណ្ដាលដាច់ជើងទាំងសងខាង។
ហេតុការគ្រោះថ្នាក់ខាងលើបានកើតឡើង កាលពីវេលាម៉ោង ៧ៈ៣០ នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៨៦-៨៧ នៅក្នុងចំណុចមុខមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ប៉ែន ចាន់គ្រឹស្នា អាយុ ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រMV ខេត្តកំពង់ឆ្នាំង មានទីលំនៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រងរបួសដាច់ជើងត្រឹមភ្លៅទាំងសងខាង ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1JC-6525 ឆ្ពោះទៅផ្សារ រកទិញនំ ចំណីអារហារ តាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាកISUZU ឃ្លុប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3F-5233 ដឹកអុីវ៉ាន់របស់ក្រុមហ៊ុនដឹកជញ្ជូន ZTO Express បើកស្របទិស កៀរដួលហើយកិន ស្ត្រីរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ដាច់ជើងទាំងសងខាង ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពុងឆ្នាំង លុះនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ រុស្សុី នៅរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយទាំង០២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការខេត្តកំពង់ឆ្នាំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕